ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ជាប្រធានបទ ក្នុងការផ្សព្វផ្សាយ រៀបចំឡើងដោយមានការចូលរួម ពីលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយ លោក លោកស្រី មន្រ្តីជំនាញក្រសួងបរិស្ថាន និងលោក លោកស្រី នាយកសាលា លោកគ្រូ អ្នកគ្រូ មកពីអនុវិទ្យាល័យ វិទ្យាល័យ មួយចំនួនក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ។
លោកស្រី ព្រំ សុភី បានលើកឡើងថា៖ ក្រសួងបរិស្ថាន បានកំណត់គោលដៅ ជាយុទ្ធសាស្រ្ត ដោយឈរលើសសរស្តម្ភ ទាំង៤ រួមមាន៖ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈ ចម្រុះ ការអភិរក្សធនធានធម្មជាតិ និង ការរស់នៅប្រកប ដោយចីរភាព និងបានដាក់ ចេញក្របខ័ណ្ឌ យុទ្ធសា ស្ត្រ ឆ្នាំ២០១៨-២០២៣ ដើម្បីប្រែក្លាយ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន រាជធានី ខេត្ត ទៅជារដ្ឋបាលទំនើប ។ ក្រសួងបរិស្ថាន បានរៀបចំនូវផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានរបស់ខ្លួន បានចំនួន ៣លើក និងបានដាក់បញ្ចូលគ្រប់វិស័យជំនាញ រួមទាំងបញ្ហាការប្រែប្រួលអាកាសធាតុទៅក្នុងផែនការសកម្មភាពនេះផងដែរ។
លោកស្រីអនុរដ្ឋលេខាធិការ បានបន្ថែមថា រាជរដ្ឋាភិបាលបានបញ្ចូលមេរៀនពីការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សា ថ្មីដែលមានវិសាលភាពទូលំទូលាយជាងមុន សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្តផែនដីក្នុងកម្រិតថ្នាក់មធ្យមសិក្សាទុតិយភូមិដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ដែលមុខវិជ្ជានេះនឹងផ្តល់នូវចំណេះដឹងពីវិធីសាស្រ្ត និងបច្ចេកវិទ្យាសំខាន់ៗដើម្បី បន្សាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
លើសពីនេះ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នារៀបចំ និងបោះផ្សាយឯកសារអប់រំស្តីពី «ការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សា ទុតិយភូមិ» និងបានរួមគ្នាដាក់ឱ្យអនុវត្តនូវទស្សនាទានសាលាមេត្រីភាពបរិស្ថានដែលជាវិធីមួយដើម្បីជំរុញឱ្យយុវជន និងមន្រ្តីអប់រំអាចស្វែងយល់ពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុបានកាន់តែ ទូលំទូលាយ៕
ដោយ៖សហការី