នៅថ្ងៃទី១៣ខែសីហា កូរ៉េខាងជើងបានសម្រេចលុបចោលច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ ក៏ដូចជាលុបរាល់ការរឹតត្បិតនានាសម្រាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសទទួលបានជ័យជម្នះលើកូវីដ-១៩ ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិ លោក Ryu Yong Chol មន្ត្រីសុខាភិបាលដែលតំណាងឱ្យយុទ្ធនាការប្រឆាំងកូវីដ -១៩នៅកូរ៉េខាងជើងបានឱ្យដឹងថា
«ចំពោះស្ថានភាពនៃការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ គឺបានល្អប្រសើរឡើងវិញហើយ ដូច្នេះនៅតាមតំបន់នីមួយៗនឹងបន្ថយការរឹតត្បិតទៅតាមស្ថានភាពជាក់ស្តែង និងបើកទីតាំងពាណិជ្ជកម្ម ភោជនីយដ្ឋាន ទីតាំងសាធារណៈផ្សេងៗ ។
កាលពីដើមសប្តាហ៍នេះប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា ប្រទេសនេះទទួលបានជ័យជម្នះក្នុងសង្គ្រាមទប់ស្កាត់កូវីដ-១៩ ក្នុងរយៈពេល៣ខែកន្លងមក។ ប៉ុន្តែនៅក្នុងតំបន់ជួរមុខ តំបន់ព្រំដែននៅតែបន្តពាក់ម៉ាស់ការពារដដែល ។
តាមការប្រកាសរបស់ប្អូនស្រី មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូចុងបានលើកឡើងថា មេដឹកនាំគីម ជុងអ៊ុនក៏ធ្លាប់មានជំងឺគ្រុនក្តៅក្នុងដំណាក់កាលដែលកូរ៉េខាងជើងមានអ្នកជំងឺគ្រុនក្តៅរាប់ពាន់នាក់ដែលជារោគសញ្ញានៃការឆ្លងកូវីដ-១៩ ។ តែពេលនេះស្ថានភាពបានល្អប្រសើរឡើងវិញហើយ ៕ ដោយ ធីរីណា
រូបថត :Reuters