សារព័ត៌មាន New York Times នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា អតីតប្រធានាធិបតីដូណាល់ ត្រាំបានព្យាយាមដោះសារយករួចខ្លួន ដោយចោទថា លោក អូបាម៉ា ក៏ធ្លាប់លាក់ទុកឯកសារ សម្ងាត់ស្តីពីបរមាណូដែរ ។
នៅពេលនេះលោកត្រាំ កំពុងតែបង្វែរការចាប់អារម្មណ៍ជុំវិញការចុះឆែកឆេរស្វែងរកឯកសារសម្ងាត់ ក្នុងនោះរួមមានទាំងឯកសារពាក់ព័ន្ធនឹងអាវុធបរមាណូនៅឯផ្ទះរបស់ លោកក្នុងរដ្ឋ Florida អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបរិហារប៉ូលិស FBI ថាមានស្ដង់ដារពីរ និងចោទប្រកាន់ថាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានលួចលាក់ទុកឯកសារសម្ងាត់ផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួន លោក ដូណាល់ ត្រាំ បានបដិសេធថាលោកមិនបានលួចលាក់ទុកឯកសារសម្ងាត់ពាក់ព័ន្ធនឹងអាវុធបរមាណូដូចដែលប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយយ៉ាងព្រោងព្រាតនោះទេ។ តែក្នុងពេលព្យាយាមដោះសារយករួចខ្លួននោះដែរ អតីតប្រធានាធិបតីអាមេរិករូបនេះបែរជាឆ្លៀតចោទប្រកាន់ថាលោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានលួចលាក់ទុកឯកសារសម្ងាត់ដែរ នៅពេលលោកចាកចេញពី សេតវិមាន។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្លាប់បានរក្សាទុកឯកសារជាង ៣៣លានទំព័រ ហើយក្នុងនោះភាគច្រើន ជាឯកសារសម្ងាត់ជាតិ។ តើនៅក្នុងចំណោមឯកសារទាំងនោះមានពាក់ព័ន្ធនឹងនុយក្លេអ៊ែរច្រើនប៉ុនណាទៅ? ពោលគឺវាមានច្រើនណាស់»។ ក៏ប៉ុន្តែ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ មជ្ឈមណ្ឌលឯកសារជាតិអាមេរិកបានអះអាងថា លោក បារ៉ាក់ អូបាម៉ា មិនមានលួចលាក់ទុកឯកសារសម្ងាត់ដូចលោក ត្រាំ ចោទប្រកាន់នោះទេ៕ ដោយធីរីណា
រូបថត :BBC / NYT