ក្រោយរយៈពេលមិនដល់២សប្តាហ៍ផង ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ពេលនេះតំណាងរាស្ត្រអាមេរិក៥រូបទៀត ដឹកនាំដោយសមាជិកព្រឹទ្ធសភាលោក Ed Markey មកពីគណបក្សប្រជាធិបតេយ្យ បានទៅកាន់កោះតៃវ៉ាន់ដែរ។
ក្នុងពេលនេះចិនបានអំពាវនាវដល់អាមេរិក ត្រូវតែគោរពច្បាប់«ចិនតែមួយ» ដែលអាមេរិកបានព្រមព្រៀង។ ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិក នៅថ្ងៃទី ១៤-១៥ខែសីហា ទៅកាន់កោះតៃវ៉ាន់ គឺជាការបំពានច្បាប់ចិនតែមួយ ។
ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះដែរ ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន បាននិយាយថា ក្រុមប្រតិភូសភាអាមេរិក គួរតែធ្វើសកម្មភាពទាំងឡាយណាដែលស្របទៅតាមគោលនយោបាយចិនតែមួយ
ហើយថាដំណើរទស្សនកិច្ចនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក មិនចង់ឃើញស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់នោះទេ និងមិនចង់បន្ធូរបន្ថយការប្រឈមមុខដាក់គ្នា រវាងប្រទេសទាំង២តាមរយៈការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិនដែរ។
យ៉ាងណាក៏ដោយ សេតវិមាន បានអះអាងថា សមាជិកសភាអាមេរិក ធ្លាប់បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ
ហើយនឹងបន្តធ្វើបែបនេះ ព្រោះវាជាដំណើរទស្សនកិច្ចដែលធ្វើឡើងស្របទៅតាមគោលនយោបាយចិនតែមួយរបស់អាមេរិក៕ ដោយធីរីណា
រូបថត :REUTERS/CNN