(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក វ៉ូ មីញគួង អនុប្រធានស្នងការបំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ដោយក្តីសោមនស្សរីករាយ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូបំភ័ន្តអក្ខរៈ កងទ័ពប្រជាជនវៀតណាម នៅកម្ពុជា ដែលបង្ហាញពីការពង្រឹងចំណងមិត្តភាព សាមគ្គីភាពប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដែលមកដល់ពេលនេះមានសភាពធូរស្រាល រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញដើម្បីស្ដារសេដ្ឋកិច្ចជាតិ ដោយឯកឧត្តមបានវាយតម្លៃថា ជោគជ័យនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺដោយសារកត្តាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ការចូលរួមរបស់ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក។
ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរំលេចពីចំណងទាក់ទងដែលកម្ពុជានិងវៀតណាមធ្លាប់មានកន្លងមក ហើយបច្ចុប្បន្នប្រទេសទាំងពីរបានបន្តពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍គោរពផលប្រយោជន៍ និងគោរពអធិបតេយ្យ បូរណភាពទឹកដីផងគ្នា។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក វ៉ូ មីញគួង បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូបំភ័នអក្ខរៈកងទ័ពប្រជាជនវៀតណាមបានចូលជួបសម្ដែងការគួរសម និងបានអរគុណចំពោះការផ្ដល់ព័ត៌មានដ៏មានសារៈសំខាន់ ស្តីពីស្ថានភាពវិវត្តន៍របស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕
ដោយ ស សម