ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី១៦ ខែសីហា ឆ្នាំ២០២២នេះថា៖ យោងតាមបញ្ញត្តិច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងការស៊ើបអង្កេតនិងបង្រ្កាបបទល្មើសនានា ដើម្បីការពារដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ មន្ត្រី សាខា ក.ប.ប. ខេត្តកំពត ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ និងទី១៥ ខែសីហា ឆ្នាំ២០២២ បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈ ក្នុងភូមិសាស្ត្រសំខាន់ៗនៃខេត្ត សរុបបានចំនួន ២១ទីតាំង។
ជាក់ស្ដែង ដោយក្នុងនោះបានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ស្របតាមច្បាប់ លើដេប៉ូប្រេងឥន្ធនៈចំនួន៣ទីតាំង ដែលត្រូវបានរកឃើញថាមិនមានភាពអនុលោម ពោលគឺការព្យាយាមកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់។
ប្រភពដដែលបន្តថា មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ខេត្តកោះកុង និងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែសីហាម្សិលមិញនេះ បានបញ្ជាកម្លាំង បន្តចុះស្រាវជ្រាវស្វែងរកផលិតផលទំនិញដែលមានសារធាតុគីមីហាមឃាត់ និងទំនិញពុំមានអនុលោមភាព រួមមានខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ខុសនឹងបទដ្ឋានព័ត៌មានជាដើម ក្នុងគោលដៅការពារដល់សុខភាពប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនោះ តាមលទ្ធផលត្រួតពិនិត្យតាមបណ្តាទីផ្សារ ផ្សារទំនើប ទីប្រជុំជនសំខាន់ៗ មន្ត្រីយើងបានរកឃើញ ក៏ដូចជាដកហូតទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន ២៥៣.៥៨គ.ក រួចយកមករក្សាទុកដើម្បីបន្តនីតិវិធី៕ដោយ៖សហការី