អាជ្ញាធរក្រុងប៉ោយប៉ែតប្រកាសឲ្យប្រជាពលរដ្ឋទុកដាក់សម្ភារ និងមានការប្រុងប្រយ័ត្នខណៈទឹកអូរព្រំដែនឡើងខ្ពស់

ចែករំលែក៖

បន្ទាយមានជ័យ៖ ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះបណ្តាលអោយ ទឹកនៅតាមដងអូរព្រំដែនកម្ពុជា-ថៃ បានហក់ឡើង ហើយអាជ្ញាធរប្រកាសឲ្យប្រជាពលរដ្ឋទុកដាក់សម្ភារ និងមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ខណៈដែលអាជ្ញាធរក្រុងប៉ោយប៉ែត ចុះពិនិត្យស្ថានភាពទឹកនៅអូរព្រំដែននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់លោកបានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃើញថាទឹកកំពុងមានសន្ទុះកើនឡើងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ប្រការនេះតម្រូវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសទ្រព្យ សម្បត្តិនិងសត្វពាហនៈ។

លោក អភិបាលក្រុងបានបញ្ជាក់ថា អាជ្ញាធរក្រុងប៉ោយប៉ែតចុះពិនិត្យទឹកជាក់ស្តែងនៅតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះ  ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។ ជាពិសេសប្រជាពលរដ្ឋដែលរស់តាមបណ្តោយអូរព្រំដែននៅខាងត្បូងផ្លូវជាតិលេខ៥ មានភូមិ១.ភូមិប៉ោយប៉ែត ២.ក្បាលកោះ ៣.ភូមិអូរជ្រៅ ៤.គីឡូម៉ែត្រលេខបួន ៥.ភូមិស្ទឹងបត់ ៦.ភូមិរតនសុខសាន្ត និង៧.ភូមិសន្តិភាព។

លោកអភិបាលក្រុង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print