ភ្នំពេញ : នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារពិសេស ពាក់ព័ន្ធស្ថានភាព និងការដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ ដោយសម្តេចថ្លែងថា, កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ខ្ញុំបានសម្រេចលុបចោល នូវលិខិតបទដ្ឋានទាំងអស់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន អភិវឌ្ឍន៍នូវដី ជុំវិញសួនសត្វភ្នំតាម៉ៅ ។ សម្ដេចបន្តថា, បើទោះជាសួនសត្វនេះ មានផលប៉ះពាល់ក៏ដោយ ខ្ញុំបានចេញបទបញ្ជា ឲ្យបញ្ឈប់ការឈូសឆាយ ហើយត្រូវដាំដើមឈើ ឡើងវិញនៅដីដែលបានទន្ទ្រាន ។ ក្នុងហ្នឹងបើយោងទៅលើទំហំ ដែលត្រូវដាំឡើងវិញ ទៅលើផ្ទៃដី 530 ហិក យើងត្រូវប្រើកម្លាំងយ៉ាងច្រើន បញ្ហាមិនមានចំណោទតេទៅលើ ការដាំដើមឈើ ប៉ុន្តែអ្វី ដែលជាបញ្ហាចំណោទ គឺស្ថិតនៅត្រង់ថា, ត្រូវធ្វើដីនេះឲ្យបានល្អ ដើម្បីដាំកូនឈើឡើងវិញ។
សម្តេចតេជោ ហ៊ុនសែន បន្តថា, ដើម្បីដោះស្រាយបញ្ហានេះឲ្យបានលឿន និងទាន់ក្នុងរដូវភ្លៀង ខ្ញុំបានចេញបទបញ្ជា អោយកំលាំងអង្គរក្ស ជាង 1000 នាក់ ទៅធ្វើសកម្មភាពឈូសឆាយដី និងដាំកូនឈើនៅក្នុងតំបន់នោះ ដោយប្រើគ្រឿងចក្រចំនួន 113 គ្រឿង ដើម្បីធ្វើដីឱ្យបានល្អ និងដាំកូនឈឺនៅទីនោះ។
សម្តេចតេជោ ហ៊ុនសែន ថ្លែងថា, រហូតមកដល់ល្ងាចនេះ ! គឺចំនួនដី៥៣០ហិកតា បានធ្វើរួចរាល់។ ប៉ុន្តែក៏ត្រូវការធ្វើការសម្អាតដី បន្ថែមទៀត ដោយត្រូវប្រើពេលវេលាមួយចំនួនបន្ថែមទៀត។ ទន្ទឹមនេះកងអង្គរក្ស ជាង 1000 នាក់បាននឹងកំពុងធ្វើ សកម្មភាពនៅក្នុងតំបន់នោះ បូករួមទាំងយើងត្រូវយកចិត្តទុកដាក់ ទៅលើការដាំដុះ ការធ្វើដី ព្រមទាំងការថែរក្សា នៅពេលរដូវប្រាំង ដែលក្រុមហ៊ុន ត្រូវទទួលបន្ទុកតាមមើល ដើម្បីថែទាំ ឬក៏ជួសជុលទៅលើ ដើមឈឺណាដែលត្រូវខូចខាត ។ ក្នុងចំណុចនេះ ជាចំណុចដែលឃើញកងទ័ព បានចុះទៅកាន់តំបន់នោះ ក៏មានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួន ដែលយល់មិនដល់បញ្ហា ហើយធ្វើការវិនិច្ឆ័យដោយឆាប់រហ័ស ថាដីនេះនឹងក្លាយទៅជាដីរបស់ឯកជន ។ សម្តេចលើកឡើងថា, ខ្ញុំសូមបញ្ជាក់សាជាថ្មីថា, តំបន់ភ្នំតាម៉ៅ ត្រូវតែរក្សាទុកជាតំបន់ដី ព្រៃអភិរក្ស ៕
ដោយ : សុខ ខេមរា