ក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសឱ្យដឹងថា ប្រទេសរបស់ខ្លួនបានបាញ់មីស៊ីលអន្តរទ្វីបពីរគ្រាប់នៅថ្ងៃទី១៧ខែសីហា ក្រោយរយៈជាងមួយខែដែលបានផ្អាក ។ សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដែលបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ខែសីហា យើងបានមើលឃើញកូរ៉េខាងជើង សាកល្បងមីស៊ីល។
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកើតឡើងចំពេលដែល អាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមជាបឋមក្នុងរយៈពេល៤ថ្ងៃដើម្បីជាការត្រៀមធ្វើសមយុទ្ធរនាំងការពារសេរី Ulchi (UFS) ចាប់ពីថ្ងៃទី២២ខែសីហាដល់ថ្ងៃទី១ខែកញ្ញា។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នេះជាលើកទីមួយហើយដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបក្នុងរយៈពេលមួយខែកន្លងមក។ ការសាកល្បងថ្មីបំផុតគឺនៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២២។
ចាប់ពីដើមឆ្នាំ២០២២មកទល់ពេលនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ តាំងពីមីស៊ីលអន្តរទ្វីបរហូតដល់មីស៊ីលធុនតូចបាញ់ម្តងបានច្រើនគ្រាប់។ រាល់ការផលិតនិងសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានអង្គការសហប្រជាជាតិហាមប្រាម ។
ជាមួយគ្នានេះដែរ មន្ត្រីអាមេរិក បានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈសម្រាប់សាកល្បងគ្រាប់បែកបរមាណូលើកទី៧ ។ កន្លងមកមេដឹកនាំកូរ៉េខាងជើងបានព្រមានថានឹងប្រើប្រាស់អាវុធបរមាណូក្នុងសង្គ្រាមជាមួយអាមេរិក ប្រសិនបើកើតឡើងនោះ៕ ដោយ ធីរីណា
រូបថត:KCNA