ភ្នំពេញ : ក្រសួងយុត្តិធម៌សម្រេច: បង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្តល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាង ច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្ដីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែល មានសមាសភាពដូចខាងក្រោមចំនួន១៩ រូប ក្នុងនោះសងប្រធាន២រូប អនុប្រធាន៣រូប លេខា១រូប ក្រៅពីនោះជាសមាជិក។
ក្រុមការងារចំពោះកិច្ចនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
– សិក្សាស្រាវជ្រាវ ដើម្បីលើកយោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីជលផល សេចក្តី ព្រាងច្បាប់ស្តីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
– ពិនិត្យ និងលើកយោបល់អំពីសង្គតិភាព និងអនុលោមភាពគតិយុត្តរវាងសេចក្តីព្រាងច្បាប់ ស្តីពី ជលផល សេចក្តីព្រាងច្បាប់ស្ដីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ
-ពិនិត្យ និងលើកយោបល់អំពីសង្គតិភាព និងអនុលោមភាពគតិយុត្តរវាងសេចក្ដីព្រាងច្បាប់ស្តីពី ជលផល សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ជាមួយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត
-ធ្វើរបាយការណ៍អំពីលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
– អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
អនុប្រធាន និងសមាជិកនៃក្រុមការងារ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់សហប្រធាន។ ក្នុង ករណីសហប្រធានមួយរូបអវត្តមាន ឬមានធុរៈ សហប្រធានមួយរូបទៀត អាចកោះប្រជុំ និង/ឬ ដឹកនាំកិច្ចប្រជុំ ជំនួសបាន។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សុខ ខេមរា