ក្រសួង​ទេសចរណ៍​៖​ ខេត្តសៀមរាប​ ទទួលភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់ រយៈពេល​៧ខែឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​​បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូល​ ទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។

បើតាមការបញ្ជាក់របស់លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានថ្លែង​បញ្ជាក់យ៉ាងដូច្នេះថា៖ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។

លោករដ្ឋមន្ត្រីទេសចរណ៍​ បានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។

បន្ថែមពីនេះ​ លោក ថោង ខុន បានគូសបញ្ជាក់ពីជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។

គួរជម្រាបដែរថា​ យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម៧០០-៨០០នាក់ក្នុងមួយថ្ងៃ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការរីករាយជាមួយនឹងកំណើនភ្ញៀវទេសចរនៅខេត្តសៀមរាបយ៉ាងដូច្នេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print