ខេត្តពោធិ៍សាត់៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៨ ខែសីហា ឆ្នាំ២០២២នេះថា៖កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបាកាន សហការជាមួយកម្លាំងអធិការដ្ឋានក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ និង២៥នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ករណីឆក់)។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ឌីវ សុខណេ អាយុ២១ឆ្នាំ ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ២-ឈ្មោះ សន វិសាល អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង២នាក់នេះ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីប្រជាលរដ្ឋ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៥៨នាទី នៅចំណុចលើផ្លូវជាតិលេខ៥ មុខធនាគារអេស៊ីលីដា ស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន និងកាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ និងករណីលួចបូមប្រេងតាមរថយន្តឈប់សម្រាកនៅពេលយប់លើផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ។
វត្ថុតាងដកហូតរួមមាន ៖ ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន ០១គ្រឿង, ទូរស័ព្ទដៃម៉ាកណូគាចំនួន ០១គ្រឿង, ម៉ូតូធុនវីនន័រ ០១គ្រឿង គ្មានស្លាកលេខ និងម៉ូតូធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ ១k. ៩៣៣២ ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០២សន្លឹក, កាតអេធីអឹមចំនួន ០២សន្លឹក, កាតចាក់វ៉ាក់សាំងកូវីដ១៩ចំនួន ០២សន្លឹក, រូបថត៤×៦ ចំនួន ២១សន្លឹក, កាបូបដៃចំនួន០១ ដែលជារបស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយអរុណរះ