ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១.៦០៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៩៤២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣ ៦៦៤នាក់ ចំណែករាជធានី-ខេត្តដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ,ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរផ្លូវគោក ប្រចាំឆមាសទី១ របស់គ.ស.ច.គ. បង្ហាញថា «ក្នុងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់កើតឡើងសរុប ១.៦០៩លើក (យប់៥៧%) បណ្ដាលឲ្យស្លាប់៩៤២ នាក់ និងរបួសស្រាល ២.២៣៥នាក់ របួសធ្ងន់ ១ ៤២៩នាក់ ។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨% បើកបរមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨១% (៧៥៩/៩៤២នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៤% (៥៥៨/ ៧៥៩នាក់)។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ចំនួន ៨៨.៩៣២ គ្រឿង។ ដោយឡែក ការពិន័យប្រចាំឆមាសទី១ នៅទូទាំងប្រទេសបានទឹកប្រាក់ចំនួន ៧.៥៦០.២៦៥.០០០ រៀល។ ជាមួយគ្នានេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណបច្ចេកទេសរាជធានី-ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ បានត្រួតពិនិត្យយានយន្តចំនួន ៣០.១៥០គ្រឿង យានយន្តត្រឹមត្រូវចំនួន ២៤.៨៤៨ គ្រឿង យានយន្តខុសលក្ខណបច្ចេកទេសចំនួន ៥.៣០២គ្រឿង។
ក្នុងនោះគ្រោះថ្នាក់បានកើតឡើងច្រើន នៅរាជធានីភ្នំពេញ ៤៥៨លើក ខេត្តកណ្តាល ១១៧លើក និងខេត្តព្រះសីហនុ ៩៧លើក៕
ដោយ៖ សូរិយា