ឆមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ចំនួន ៩៤២នាក់ និងរបួសចំនួន ៣ ៦៦៤នាក់

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១.៦០៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៩៤២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣ ៦៦៤នាក់ ចំណែករាជធានី-ខេត្តដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ,ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរផ្លូវគោក ប្រចាំឆមាសទី១ របស់គ.ស.ច.គ. បង្ហាញថា «ក្នុងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់កើតឡើងសរុប ១.៦០៩លើក (យប់៥៧%) បណ្ដាលឲ្យស្លាប់៩៤២ នាក់ និងរបួសស្រាល ២.២៣៥នាក់ របួសធ្ងន់ ១ ៤២៩នាក់ ។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨% បើកបរមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨១% (៧៥៩/៩៤២នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៤% (៥៥៨/ ៧៥៩នាក់)។

របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ តាម​រយៈការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ សមត្ថកិច្ច​បាន​ពិន័យ​យាន​យន្ត​ល្មើស​ច្បាប់​ចំនួន ​៨៨.៩៣២ គ្រឿង។ ដោយឡែក ការ​ពិន័យ​ប្រចាំ​ឆមាសទី១ ​នៅ​ទូទាំង​ប្រទេស​បាន​ទឹក​ប្រាក់​ចំនួន ​៧.៥៦០.២៦៥.០០០ រៀល។ ជា​មួយ​គ្នា​នេះ​ ក្រុម​ការងារ​ត្រួត​ពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណ​បច្ចេក​ទេស​រាជធានី-​ខេត្ត​ ប្រចាំ​ឆមាស​ទី​១ ​ឆ្នាំ២០២២ បានត្រួត​ពិនិត្យ​យាន​យន្ត​ចំនួន​ ៣០.១៥០គ្រឿង យាន​យន្ត​ត្រឹម​ត្រូវ​ចំនួន​ ២៤.៨៤៨ គ្រឿង យានយន្តខុសលក្ខណ​បច្ចេក​ទេស​ចំនួន​ ៥.៣០២គ្រឿង។

ក្នុងនោះគ្រោះថ្នាក់បានកើតឡើងច្រើន នៅរាជធានីភ្នំពេញ ៤៥៨លើក ខេត្តកណ្តាល ១១៧លើក និងខេត្តព្រះសីហនុ ៩៧លើក៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print