ក្នុងរយៈពេល៧ខែកម្ពុជានាំចេញទំនិញទៅអាម៉េរិក សម្រេចបានប្រមាណ៥ពាន់លានដុល្លារពោលគឺកើនឡើង៤៧.៣%

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងបើទោះបីជាពិភពលោកកំពុងញាំញីដោយសារវិបត្តិជំងឺកូវីដ១៩និងសេវាដឹកជញ្ជូនឡើងថ្លៃក៏ដោយ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់៤៧.៣ ភាគរយ ដែលប្រការនេះគឺជាមោទនភាពមួយ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ ២០២២នេះ សម្រេច បាន​ប្រមាណ៥ពាន់លានដុល្លារ កើនឡើងចំនួន ៤៧ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នាំ២០២១ ដែលមានប្រមាណ ៣ពាន់លានដុល្លារ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានសង្កត់ធ្ងន់បន្ថែមទៀតថា ទីផ្សារអាម៉េរិក នៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា​ ដែល​តំណាង ប្រមាណ ៤១ភាគនៃតម្លៃនាំចេញសរុប ១៣ ៧៦៩លានដុល្លារ ក្នុងរយៈពេលចាប់ពីខែមករា​ដល់ខែកក្កដាឆ្នាំ២០២២នេះ។ តាមតួលេខនេះរំពឹងថា នៅ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយទៀតនេះការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិចនឹងបន្តកើនឡើង។

របាយការណ៍ បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ​ក្នុងរយៈពេល៧ខែ ឆ្នាំ​២០២២នេះ សម្រេចបានក្នុង​ ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ ចំពោះការនាំ​ចូលពី អាម៉េរិក​មកកម្ពុជាវិញ ​មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើង​ចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ​មានទឹកប្រាក់១៩០លានដុល្លារ។

មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់, ស្បែកជើង ​និងកាបូបសម្រាប់ធ្វើដំណើរ,បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញមានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿង​អេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម។

ប្រទេសដែលកម្ពុជានាំចេញច្រើន​ បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម ​មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន ​មានចំនួន ៧០១លានដុល្លារ, ​ប្រទេសកាណាដា មានចំនួន ៦៩០លានដុល្លារ, ប្រទេសជប៉ុន ​មានចំនួន ៦៦៧លានដុល្លារ ​និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ទំនាក់ទំនងពាណិជ្ជកម្ម ​កម្ពុជា-អាម៉េរិក មាន​កំណើនគួរឱ្យកត់សម្គាល់ ​ដោយក្នុងឆ្នាំ២០២១ ​ទំហំពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក​ មានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន​ ៧ ៤៩០លានដុល្លារអាម៉េរិក ​ខណៈអាម៉េរិក នាំចូល​មកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print