ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគាស់ផ្ទះ លួចយកសម្ភារៈមានតម្លៃជាច្រើនគេចខ្លួនបាន៣ថ្ងៃ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ មានជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្ទះលក់គ្រឿងសំណង់ ដែលមានផ្លាកយីហោ “ដេប៉ូ សុជាតី ម្នាងសិលា” ស្ថិតនៅផ្ទះលេខ១៤៧៥ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីម៉ោង០២ទៀបភ្លឺ ឈានចូលថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២២កន្លងទៅ បន្ទាប់មកក៏បានរត់គេចខ្លួនបាត់៣ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ រហូតរកឃើញមុខសញ្ញា និងធ្វើការឃាត់ខ្លួនបានហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សោម សុដាលីន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់គ្រឿងសំណង់ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ១៤៧៥ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសម្ដីរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ រូបគាត់ និងក្រុមគ្រួសារ បានចេញពីផ្ទះលក់គ្រឿងសំណង់ ផ្ទះលេខ១៤៧៥ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីទៅដេកសំរាក នៅផ្ទះម្តាយក្មេក ដោយបានចាក់សោផ្ទះត្រឹមត្រូវ ហើយគ្មានមនុស្សនៅនោះទេ។ លុះពេលមកដល់ព្រឹកឡើង វេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ និងក្រុមគ្រួសារ បានមកដល់ផ្ទះវិញ ក៏ស្រាប់តែឃើញសោទ្វារផ្ទះរបូត ទាំងទ្វារបិទធម្មតា ជនរងគ្រោះ ក៏ចូលផ្ទះឃើញសម្ភារៈ រញ៉េរញ៉ៃ ដូចមានមនុស្សរើកកាយ ទើបប្រញាប់ទៅបើកមើលកាមេរ៉ាសុវត្តិភាពក្នុងផ្ទះរបស់ខ្លួន ក៏ឃើញភិនភាគជនសង្ស័យ បានចូលធ្វើសកម្មភាពរើកកាយលួចយកសម្ភារៈមានតម្លៃ បន្ទាប់មកក៏បានគេចខ្លួនបាត់ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តែម្តង។
ជនរងគ្រោះ បានបន្តឱ្យដឹងទៀត សម្រាប់សម្ភារៈ ដែលរូបគាត់ បានបង់ទ្រព្យសម្បត្តិ មានដូចជា ៖ ម៉ូតូ CUB ពណ៍ទឹកប៊ិក ០១គ្រឿង Laptop ម៉ាក HP ពណ៌ស ០១គ្រឿង ម៉ាស៊ីនវេរលុយរបស់ក្រុមហ៊ុនវីង ០១គ្រឿង IPad ០២គ្រឿង ទូរស័ព្ទដៃ ម៉ាក IPhone 6plus ០១គ្រឿង IPhone5 ០២គ្រឿង Iphone4 ០១គ្រឿង Samsung ០១គ្រឿង ម៉ាស៊ីនថតរូបម៉ាក Samsung ០២គ្រឿង ទឹកអប់ម៉ាក Chanel ១ដបថ្មី ទឹកអប់ម៉ាក Jimmy Choo ១ដបថ្មី កាបូបម៉ាក Coach ១កាបូបដៃ ដែលមានប័ណ្ណបើកបរឈ្មោះ កែន សុជាតី កាតធនាគារ កាតវ៉ាក់សាំង នឹងឯកសារជាច្រើនទៀត គ្រឿងអលង្ការមួយចំនួន និងលុយមួយចំនួន រួមទាំងសម្ភារៈប្រើប្រាសជាច្រើនផ្សេងទៀត។
សមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងថា មានករណីជនសង្ស័យ បានធ្វើសកម្មភាពគាស់ផ្ទះ ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ កាលពីពេលវេលា និងទីតាំងខាងលើនេះភ្លាមៗ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឱ្យកម្លាំងសមត្ថកិច្ចជំនាញ ខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ដឹកនាំដោយលោក ហេង សុគន្ធ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌមានជ័យ និងលោកអនុសេនីយ៍ឯក ពៅ ហៀង នាយរងប៉ុស្តិ៍ចាក់អង្រែក្រោម ទទួលផែនព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញា លុះមកដល់វេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រហូតឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ សុខ វ៉ាន់ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណ:ពេលជនសង្ស័យកំពុងតែដើរតាមផ្លូវមកពីកន្លែងដេក ស្ថិតនៅក្រោមស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ ត្រើយខាងលិច) រួចក៏បាននាំខ្លួន យកមកធ្វើការសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តទៅតាមនីនិវិធី។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការសាកសួរនាំចម្លើយ កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print