លោកទេសរដ្ឋមន្ត្រីលី ធុជ ៖ ខ្ញុំសូម​អំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រនូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រីលី ធុជបានមានប្រសាសន៍ថា,ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែលកំពុងវិនិយោគនៅកម្ពុជា បន្តចូលរួមគាំទ្រនូវទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត។

ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី និង លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវិភាគទានចូលរួមចំណែកបោសសម្អាតមីននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា នូវថវិកាសរុបចំនួន ៧៧.៧០០ ដុល្លារអាមេរិក ដែលអាជ្ញាធរមីន គ្រោងនឹងយកទៅប្រើប្រាស់បញ្ចប់ការងារបោសសម្អាតមីននៅឃុំស្តុក និងភូមិចំនួន ០៣ ក្នុងឃុំស្រង់ រួមមានភូមិរលាំងទឹក ភូមិអង្គដូនតី និងភូមិត្រពាំងថ្ម ដើម្បីប្រកាសភូមិឃុំអស់មីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រីលី ធុជ បានបន្តទៀតថា,ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងសមាជិកទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរមីនរៀបចំរាត្រីសមោសរកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារណាហ្កាវើល ក្រោមអធីបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើការរៃអង្គាសវិភាគទានចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលវិភាគទាននេះ គឺជាការបង្ហាញពីទឹកចិត្តប្រកបដោយសប្បុរសរបស់បណ្តាក្រុមហ៊ុននានាក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ វិភាគទាននេះ ក៏មានការចូលរួមដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នូវថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីលី ធុជ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក T Mohan និពន្ធនាយកអង្គភាព Khmer Times និងជាអនុប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលបានសម្របសម្រួលការងារនេះរហូតមក ព្រមទាំងបានចូលរួមដល់ការងារបោសសម្អាតមីន និងប្រកាសភូមិវាលអស់មីន នាពេលកន្លងមក។

នាឱកាសនោះដែរលោកឧកញ៉ា Tan Khee Meng បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា មានសេចក្តីសប្បាយរីករាយដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយការចូលរួមនេះពិតជាមានអត្ថន័យណាស់សម្រាប់សភាពាណិជ្ជកម្ម និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជា។

លោកឧកញ៉ា Tan Khee Meng បានបន្តទៀតថា ជាង ៣ ទសវត្សរ៍ចុងក្រោយនេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បានមកវិនិយោគរកស៊ីនៅកម្ពុជា និងទទួលជោគជ័យក្រោមកិច្ចគាំទ្រយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានចូលរួមចំណែកផ្នែកមនុស្សធម៌ដល់កិច្ចការសង្គមនានាជាច្រើនទៀតផង ក្រៅពីមុខរបររកស៊ីរបស់ខ្លួន។ ក្នុងឱកាសនោះ លោកឧកញ៉ា បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវសន្តិភាព ស្ថេរភាព និងរក្សាឲ្យមានអត្រាកំណើនសេដ្ឋកិច្ចថេរ ដែលជាការផ្តល់ឱកាសយ៉ាងល្អបំផុតសម្រាប់អ្នកវិនិយោទុន៕

...


ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print