ខេត្តកណ្ដាល៖ ក្រុមការងារប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកកោះធំ មានកិត្តិយសសូមបំភ្លឺឆ្លេីយតបទៅនឹងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋទៅកាន់មជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ(HOTLINE 117) ដែលមានខ្លឹមសារដូច្នេះថា៖ មានបុគ្គលិករបស់កាស៊ីណូផ្នែកអនឡាញប្រមាណជា៥០-៦០នាក់ (ជនជាតិវៀតណាម) បានសម្រុករត់ចេញពីបរិវេណកាស៊ីណូតៃភីងយ៉ាង ហើយបានហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួចមក និងដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំបានបញ្ជាឱ្យផ្នែកជំនាញចុះពិនិត្យមើលជាបន្ទាន់។
ជាលទ្ធផលក្រោយការចុះពិនិត្យស្រាវជ្រាវនៅទីតាំងខាងលេី គឺពិតជាមានបុគ្គលិក(ជនជាតិវៀតណាម) របស់កាស៊ីណូផ្នែកអនឡាញប្រមាណ៥០-៦០នាក់បានសម្រុករត់ចេញពីបរិវេណកាស៊ីណូតៃភីងយ៉ាងប្រាកដមែន ហើយពួកគេបានហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលទៀតផង។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ កំពុងស៊េីបអង្កេតស្រាវជ្រាវស្វែងរកមូលហេតុទៅតាមនីតិវិធី៕ដោយ៖ស្អាងជ័យ