ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា៖ ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុកឈ្មោះ លី សារី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ឥស្លាម បច្ចុប្បន្នស្នាក់នៅ ភូមិឃ ឃុំច្រាំងចំរេះពីរ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជាងភ្លើង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ សុំប្តឹងពីករណីបាត់មនុស្ស (បាត់កូនស្រី) ឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៣០នាទី មិនដឹងទៅទីណានោះទេ ។
របាយការណ៍ដដែលបន្តថា ក្រោយមកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុង ស្រុក និងតាមបណ្តាការិយាល័យជំនាញស្រាវជ្រាវជាបន្ទាន់ ។
ជាក់ស្ដែងជាលទ្ធផល កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានស៊ើបអង្កេតស្រាវជ្រាវស្វែងរកឃើញ និងសង្រ្គោះជនរងគ្រោះឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ សិស្ស នៅចំណុចម្តុំអូរពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៩និង២០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។
ប្រភពដដែលបន្តថា យោងតាមការសួរបំភ្លឺពីជនរងគ្រោះឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី បានឱ្យដឹងថា ខ្លួនបានមកខេត្តព្រះសីហនុដោយខ្លួនឯង ដោយពុំមានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ គឺមានគោលបំណងមករកការងារធ្វើ ។
ចំពោះករណីខាងលើនេះ កម្លាំងជំនាញបានប្រគល់យុវតីទៅឱ្យក្រុមគ្រួសារ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕
ដោយ៖ស តារា