ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបជម្រាបលា នាឱកាសលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ និងអរគុណចំពោះការបំពេញបេសកកម្មការទូតរបស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។ សម្ដេច បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដែងនូវការអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។
សម្ដេចក្រឡាហោម បានជម្រាបជូនលោកស្រីផងដែរថា ទោះបីជាចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តយ៉ាងល្អប្រសើរជាមួយគ្នា ហើយសម្ដេចក៏នៅតែបន្តខិតខំបន្ថែមទៀតក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃដើម្បីចូលរួមចំណែកធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ព្រមទាំងបន្តធ្វើការបន្ថែមទៀតជាមួយឯកអគ្គរាជទូតអង់គ្លេសថ្មី ដែលត្រូវបន្តអាណត្តិការទូតពីលោកស្រី។
ជាការឆ្លើយតបលោកស្រី Tina Redshaw បានគាំទ្រការលើកឡើងរបស់សម្ដេចក្រឡាហោម ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកស្រី ក៏បានជម្រាបជូនសម្ដេចថាមិនត្រឹមតែទំនាក់ទំនងជាមួយកម្ពុជា និងចក្រភពអង់គ្លេសនោះទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហគមន៍អាស៊ានក៏ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។ ជាពិសេសកាលពីពេលថ្មីៗនេះក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចក្រភពអង់គ្លេសក៏បានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន។
លោកស្រី ក៏បានយកឱកាសនេះថ្លែងអំណរគុណសម្តេចក្រឡាហោម និងអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ដែលតែងផ្ដល់នូវកិច្ចសហការគាំទ្រដល់ពលរដ្ឋអង់គ្លេសដែលជួបប្រទះការលំបាកផ្សេងៗនៅកម្ពុជា ជាពិសេសពាក់ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ និងការជួយសម្រួលឱ្យផ្នែកកុងស៊ុលរបស់ស្ថានទូតអង់គ្លេសបានជួបប្រាស្រ័យជាមួយជនជាតិអង់គ្លេសដែលជាប់ឃុំនៅតាមបណ្ដាពន្ធនាគាររបស់កម្ពុជា។
លោកស្រី ក៏យកឱកាសនេះជម្រាបជូនសម្ដេចក្រឡាហោម ផងដែរអំពីវេទិកាអន្តរភាគីនានា ក៏ដូចជាកម្មវិធីមួយចំនួនទៀតដែលបានផ្តល់នូវការជួយគាំទ្រដល់ការអភិវឌ្ឍលើវិស័យធនធានមនុស្សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងការលើកកម្ពស់ធនធានមនុស្សក្នុងវិស័យនគរបាលជាតិដែលកម្មវិធី ក៏ដូចជាវេទិកាទាំងនោះ មានការគាំទ្រពីចក្រភពអង់គ្លេស។
ជាការឆ្លើយតបសម្ដេចក្រឡាហោម បានថ្លែងអំណរគុណលោកស្រី ចំពោះការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើវិស័យពាក់ព័ន្ធជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសលើការងារ បណ្តុះបណ្តាលធនធានមនុស្សក្នុងកងកម្លាំងនគរបាលជាតិ។ សម្ដេច បានចាត់ទុកថានេះជាកិច្ចការមួយដ៏មានសារៈសំខាន់ ខណៈក្រសួងមហាផ្ទៃកំពុងតែខិតខំលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនគរបាលជាតិជាមន្ត្រីបម្រើសេវាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ដែរថាសម្តេច ពិតជាគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលក៏ជាកិច្ចការមានសារៈសំខាន់ ខណៈធនធានមនុស្សលើវិស័យនេះរបស់កងកម្លាំងនគរបាលកម្ពុជានៅមានកម្រិតនៅឡើយ។
សម្ដេច បន្ថែមថាការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យនគរបាលជាតិ ក៏ជាការរួមចំណែកដ៏សំខាន់មួយក្នុងការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលកិច្ចការនេះក៏ជាកិច្ចការសំខាន់ និងមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ គឺពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។
សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះ អបអរសាទរចក្រភពអង់គ្លេសដែលបានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដោយសម្ដេចចាត់ទុកថានឹងបង្កើតឱកាសកាន់តែច្រើនឡើងថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងចក្រភពអង់គ្លេស៕
ដោយ៖ស តារា