ខេត្តរតនគិរី÷ រថយន្តដឹកដីខ្សាច់បុកបង្គាន់ដៃស្ពានកាលពីជំនាន់ដើមបាក់អស់ជាច្រើនកំណាត់ ហើយធ្លាក់ចូលនៅក្រោមស្ពានរីឯបើកបរលោតចុះទាន់វេលា។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានអូរតាង ស្ថិតនៅក្នុងភូមិ វ៉ង ឃុំកាចូន ស្រុកវើនសៃ រថយន្តដឹកខ្សាច់បានបុកបង្គាន់ដៃស្គានហើយជ្រុលចង្កូតធ្លាក់ចូលក្រោមស្ពានខ្ទីចអស់រថយន្ត។
លោក ទឺ នូថង អធិការនគរបាលស្រុកវើនសៃបានឲ្យ ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩សីហានេះថា រថយន្ត ១គ្រឿងបើកបរពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុបានគាំងចង្កូតកាច់មិនកើត ក៏ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានហើយជ្រុលធ្លាក់ចូលក្រោមស្ពានតែម្តង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
លោកថា រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3C-2007បានដឹកដីខ្សាច់ពេញប្រៀប។រថយន្តចេញពីចំណុចកាចូននៃស្រុកវើនសៃ។ ការបាក់បង្គាន់ដៃស្ពានថ្មនោះ តួនាទីនេះទុកឲ្យខាងដេប៉ូខ្សាច់ទៅសម្របសម្រួលជាមួយមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តដើម្បីជួសជុលធ្វើសងឡើងវិញ។ អ្នកបើកបររថយន្តឈ្មោះ រក្សា ភេទប្រុស ប៉ុន្តែដោយបានដឹងខ្លួនទាន់មុនបានលោតចុះពីលើរថយន្តរួចផុតពីជីវិត មិនមានប៉ះពាល់ដល់អ្នកដទៃនោះទេ។
ប្រភពបានឲ្យដឹងថា ម្ចាស់រថយន្តបង្កខាងលើត្រូវបានគេស្គាល់ឈ្មោះ អេង ជាថៅកែបូមខ្សាច់នៅភូមិកាចូនលើ ឃុំកាចូនស្រុកវើនសៃ ហើយមានដេប៉ូស្តុកខ្សាច់នៅស្រុកបរកែវ ខេត្តរតនគីរីផងដែរ។
តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកដីខ្សាច់ខាងលើនេះ ដឹកធ្ងន់ហើយបើកបរក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យបុកបង្កាន់ដៃស្គានថ្មហើយក្រឡាប់ធ្លាក់ចុះពីលើស្ពាន។
ប្រជាពលរដ្ឋបានរិះគន់ថា រថយន្តដឹកដីខ្សាច់ទាំងនេះ ដឹកលើសចំណុះបង្កឲ្យខូចខាតស្ពាន ផ្លូវថ្នល់ជាច្រើនកន្លែង ចាប់ពីស្រុកវើនសៃចូលមកក្រុងបានលុង មិនខ្វល់ពីខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ ដែលខំថែទាំនិងជួសជុលជារៀងរាល់ថ្ងៃ។ ពួកគេគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ សូមឲ្យសមត្ថកិច្ចជំនាញមើលរថយន្តដឹកធ្ងន់ៗផងទាន៕
ដោយ៖ សូរិយា