សម្តេចក្រឡាហោមបញ្ជាឱ្យអាជ្ញាធររឹតបន្ដឹងឱ្យម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជូនដី គ្រួស ខ្សាច់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ ចំពោះអាជីវកម្មដឹកជញ្ជូនដី ក្រួស ខ្សាច់ ដោយត្រូវគ្របឱ្យបានជិត ហើយត្រូវមានវិធានការច្បាប់ចំពោះការបំពាន។ ការដាក់បទបញ្ជានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងបន្តថា អាជ្ញាធរ ត្រូវជំរុញការបំពាក់បរិក្ខារសុវត្ថិភាពលើផ្លូវថ្នល់ ដែលរួមមាន៖ ភ្លើងស្ដុប ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវ។ មួយវិញទៀតអ្វីដែលសំខាន់គឺ ត្រូវធ្វើការរឹតបន្តឹងយ៉ាងម៉ឹងម៉ាត់ចំ ពោះអាជីវកម្មដឹកជញ្ចូន ដី ក្រួស ខ្សាច់ ត្រូវគ្របឱ្យបានជិត ហើយត្រូវសម្អាតផ្លូវថ្នល់ជាប្រចាំ និងត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះការបំពាន។

សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរ ត្រូវបន្តធ្វើការគ្រប់គ្រងយានដ្ឋានកែច្នៃ កន្លែងដំឡើងយានយន្ត ពិនិត្យអំពីលិខិតស្នាមដែលច្បាប់បានកំណត់ និងធានាការកែច្នៃដំឡើងយានយន្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។ ទន្ទឹមនេះ ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបការនាំចូលរថយន្ត ចង្កូតស្តាំមកក្នុងផ្ទៃប្រទេស តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ សម្តេចក៏បានជំរុញឱ្យអាជ្ញាធរ ត្រូវធ្វើការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់ ដោយទប់ស្កាត់ការសាងសង់ ឬប្រើប្រាស់ខុសច្បាប់ប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងការកសាងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា តាមការសង្កេតឃើញថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ នៅតែមានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដោយគិតជាមធ្យមក្នុង មួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៩លើក ស្លាប់ចំនួន ៥នាក់ និងរបួស ១០នាក់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print