ខេត្តកំពង់ធំ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈជួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបហានិភ័យ ឱ្យបានទាន់ពេលវេលា ។
នៅក្នុងឱកាសនោះដែរ លោក ងួន រតនៈ ថ្លែងថា ថ្មីៗនេះទឹកនៅតាមដងស្ទឹងសែនគឺមានការហក់ឡើងខ្ពស់ រហូតដល់មានការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕
ដោយ៖សហការី