ភ្នំពេញ៖ បន្ទាប់ពីមានប្លន់ប្រដាប់អាវុធនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការអស់២ក្រុមកាលពីចុងសប្តាហ៍មុនហើយនោះ នៅសប្តាហ៍ថ្មីនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបន្តការស្រាវជ្រាវចាប់បាន៣ក្រុមថែមទៀតសរុបចំនួន១០នាក់។
តាមរបាយការណ៍កងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានចាប់បញ្ជូនជនសង្ស័យម្នាក់ឈ្មោះ រ៉ុន រ៉ែម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករលីស៊ីម៉ង់ត៍ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅឃ្លាំងស៊ីម៉ង់ត៍ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្លោះរបងចូលផ្ទះអ្នកដ៏ទៃចូលលួចទ្រព្យសម្បត្តិ នៅចំណុច ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ដោយដកហូតបានអាវុធខ្លីមួយដើមម៉ាក BERETA ពណ៌ស មួយដើម ។
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៧និង៣០នាទីយប់ កម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ចាប់បានចោរ២នាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក អាយហ្វូនហ្វាយពីជនរងគ្រោះ២នាក់ដែលកំពុងឌុបគ្នានិយាយទូរស័ព្ទនៅ ចំណុច ផ្លូវ២១៤ កែងផ្លូវ៩៣ (ផ្លូវភ្លោះ អូរឫស្សី) ខណ្ឌ៧ មករា។
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១២និង១០នាទីរំលងអធ្រាត្រ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យបានឃាត់ខ្លួនក្រុមចោរ ស៊ាំមុរ៉ៃ ចំនួន៧នាក់ នៅចំណុចម្តុំជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែល តាមចម្លើយសារភាពរបស់ក្រុមនេះបានប្រាប់ថា កន្លងមកពួកវាធ្លាប់ ធ្វើសកម្មភាពប្រើដាវសាំម៉ូរ៉ៃកាប់ប្លន់ជនរងគ្រោះជាច្រើនលើករាប់ មិនអស់មកហើយ។ ក្នុងនោះ ពួកវាចាំបានច្បាស់តែរយៈពេល២ខែថ្មីៗនេះចំនួន១១លើកប៉ុណ្ណោះហើយមុនពេលធ្វើសកម្មភាពម្តងៗក្រុមនេះតែងតែជួបជុំគ្នាប្រើប្រាស់ គ្រឿងញៀនជាមុនសិន ទើបចេញធ្វើសកម្មភាព។
ក្នុងរបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពេលកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនក្រុមនេះ បានធ្វើតេស្តទៅលើពួកគេគ្រប់គ្នាហើយរកឃើញថាពួកគេមានជាប់សារធាតុញៀនគ្រប់គ្នាតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនិតិវិធី ៕
ដោយ៖ ប្រាថ្នា