កណ្ដាល: មេការកាស៊ីណូប៉ាស៊ីហ្វិចជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលស្រាវជ្រាវឃាត់ខ្លួន ក្រោយពីមានករណីបុគ្គលិកកាស៊ីណូប៉ាស៊ីហ្វិចហៅដំរី២ចំនួន៥០ទៅ៦០នាក់ ផ្អើលសម្រុករត់ចេញក្រៅទាំងកម្រោល នៅចំណុចជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បាតុភាពក្នុងកាស៊ីណូនេះ អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិកម្នាក់ ជាជនជាតិវៀតណាម ដោយមិនមានឯកសារស្នាក់នៅ ជាក់លាក់ នៅប្រទេសកម្ពុជា នោះទេ។ ដូច្នេះសមត្ថកិច្ច សន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូ ប្រមាណ ៤០ នាក់ ជាជនជាតិវៀតណាម មកធ្វើការដោយខុសច្បាប់។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង – ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
សូមជម្រាបថា បុគ្គលិកកាស៊ីណូ«ប៉ាស៊ីហ្វិក» ហៅដំរី២ បាននាំចេញពីកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីរត់ចេញមកក្រៅ ក្រុមសន្តិសុខ ដែលយាមការពារ បានយកដំបង ដេញវ៉ៃក្រុមបុគ្គលិក ហើយក៏មានការតដៃ វិញផងដែរ។ ហេតុការណ៍នេះ បានកើតឡើង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ករណីនេះ បានកើតឡើង បន្ទាប់ពីកាស៊ីណូ «ប៉ាស៊ីហ្វិក» ហៅដំរី២ បង្ខាំងក្រុមបុគ្គលិក ដែលជាជនបរទេស ទុកក្នុងកាស៊ីណូ ដោយកុហកថា រើសបុគ្គលិក យកទៅធ្វើការ នៅកាស៊ីណូ នៅខេត្តព្រះសីហនុ។ ប៉ុន្តែផ្ទុយទៅវិញ មិនបានយកពួកគេ ទៅធ្វើការ នៅកាស៊ីណូ ខេត្តព្រះសីហនុឡើយ។ ទើបកើតជារឿងឈ្លោះប្រកែកគ្នា រវាងបុគ្គលិក និង មេការកាស៊ីណូ រហូតផ្ទុះកំហឹង ប្រើអំពើហិង្សា ដោយក្រុមបុគ្គលិក នាំគ្នាទម្លុះទ្វារ។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានបញ្ជាក់ថាៈ ករណីនេះ មិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នា ទម្លុះទ្វាររបង រត់ចេញប៉ះគ្នា ជាមួយសន្តិសុខ របួសសន្តិសុខ ៣ នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្ត កំពុងធ្វើការជាមួយក្រុមហ៊ុន។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅកន្លែង កើតហេតុ ដើម្បីស្រាវជ្រាវ រកដើមចម ដែលនាំឲ្យ កើតមានរឿងហេតុ បែបនេះ ៕