ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព កាលពីយប់មិញនេះ បានធ្វើការបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រី(អនីតិជន) ឃាត់ខ្លួនជនសង្ស័យម្នាក់ ។
លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូន បានឱ្យដឹងថា នៅវេលាម៉ោង ០៩ និង០៥យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ សុខ ឆាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្នភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើជនរងគ្រោះឈ្មោះ ប.ចណ អាយុ១០ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តនាវេលាម៉ោងប្រហែល២០និង១០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចព្រៃក្បែរផ្ទះ ស្ថិតក្នុងភូមិគីឡុ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកអធិការបានធ្វេីការនាំខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរចម្លើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើក្មេងស្រីខាងលើពិតប្រាកដមែន តែមិនបានសម្រេចទេ ដោយសារខ្លួនគេស្រវឹងស្រាជោកជាំ ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំពៅលូនកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី ៕ដោយ៖អារុណរះ