ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២នេះថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២១ ខែសីហានេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៣នាក់ របួសធ្ងន់ ៧នាក់ (ស្រី១នាក់) របួសស្រាល ៦នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១០លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីការពារជីវិតរបស់លោកអ្នក និងក្រុមគ្រួសារ។
គួរជម្រាបដែរថា នៅថ្ងៃទី២១ ខែសីហានេះដែរ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថា៖ ចំនួនគោលដៅសរុប ១១៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៦៣៥គ្រឿង ម៉ូតូចំនួន ១.៥៦៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៥១គ្រឿង មានម៉ូតូចំនួន ១២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕ដោយ៖ស តារា