ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ចំពោះមរណភាពរបស់ មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី។
តាមរយៈសារលិខិតចូលរួមរំលែកទុក្ខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ខ្ញុំ និងភរិយាទើបទទួលដំណឹងដ៏ក្រៀមក្រំអំពីការទទួលមរណភាពរបស់មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម នាវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»។
សម្ដេចបានបន្តថា ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់មហាវិរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ខេរ៉ូ ស៊ុនស្រេង បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធាន មនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាវីរិយាភិរ័ត្នសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ៕
ដោយ : សហការី