អា​ជ្ញា​ធរខណ្ឌ​ពោធិ៍សែន​ជ័យគួរ​ពន្លឿន​ការ​សាង​សង់​ស្ពានក្នុងភូមិត្រពាំងអារក្សផង​

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋកំពុងទទូចសុំឲ្យអាជ្ញាធរដែនដីគឺខណ្ឌពោធិ៍សែនជ័យមេត្តាជួយ​បើកភ្នែកមើល​ និងពន្លឿនការសង់ស្ពានថ្មីឲ្យបានឆាប់រហ័សផង ព្រោះស្ពានថ្មចាស់​ទ្រុឌទ្រោមមួយកន្លែងដែលកំពុងរងការខូចខាតខ្លាំងណាស់ធ្វើឲ្យរថយន្តមិនអាចបើកឆ្លងកាត់បានទេបន្ទាប់ពីមានភ្លៀងមួយតូចសោះទឹកដក់ពេញផ្លូវវាងទៅហើយ។

ស្ពានមួយនេះស្ថិត​នៅតាមបណ្តោយផ្លូវលំ​មួយខ្សែក្នុងភូមិត្រ​ពាំង​អារក្ស  សង្កាត់​ឪឡោក ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ផុងដាច់ជាអន្លើៗយូរខែហើយ គ្មានអាជ្ញាធរណាអើពើឡើយ ។

ប្រជាពលរដ្ឋបាននិយាយថា ស្ពានថ្មដែលស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែខាងលើនេះចាស់ទ្រុឌទ្រោមបាក់បែកបាក់ផុងចំកណ្តា​លស្ពាន​យូរមក​ហើយរថយន្តមិនអាចបើកឆ្លងស្ពានបានទេ គឺធ្វើដំណើរឆ្លងកាត់បានតែម៉ូតូនិងអ្នកថ្មើរជើងតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបន្តថា កន្លងមកនេះលោក ហែ​ម ដារិទ្ធ អភិ​បាល​ខណ្ឌពោធិ៍សែនជ័យ​បាន​យកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវវាងក្រោមស្ពានសម្រាប់ឲ្យរថយន្តបើកឆ្លងកាត់​បានមួយរយៈប៉ុណ្ណោះ​ តែអីឡូវនេះគ្រាន់តែមានភ្លៀងធ្លាក់មួយមេតូចសោះបណ្តាលឲ្យ​មានទឹកដក់និងបែកភក់នៅលើផ្លូវវាងនោះធ្វើឲ្យ​រថ​យ​ន្ត​មិនអាចបើកឆ្លងកាត់ផ្លូវវាងនោះបានទៀតទេ ដូច្នេះប្រ​ជាពល​រ​ដ្ឋសំណូមពរសូមឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យមេត្តាជួយពន្លឿនការសាងសង់ស្ពានខាងលើ​នេះ​ឲ្យឆាប់ផង ព្រោះរដូវវស្សាជិតចូលមកដល់ហើយអត់មានផ្លូវវាងសម្រាប់បើកបររថយន្ត​ទៅមកចូលភូមិទេ ៕

_________

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print