ខេត្តកណ្ដាល៖ ព្រែកធម្មជាតិចំនួន ២ខ្សែ គឺព្រែកយាយហៃ និងព្រែកបែក ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹកនិងឧតុនិយមបើកការដ្ឋានស្តារឡើងវិញសរុបប្រវែង ៦,៧៥០ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត ដើម្បីទាញយកទឹកនិងដីល្បាប់ពីទន្លេបាសាក់ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករប្រមាណ ៣១៣ហិកតា ។
ទន្ទឹមនឹងការស្តារព្រែកទាំងពីរខ្សែខាងលើក្រសួងក៏បានធ្វើការសាងសង់ផ្លូវអមសងខាងព្រែកសរុបប្រវែង ១០,០៥០ម៉ែត្រឱ្យទៅជាផ្លូវលំជនបទដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ។
សូមរំលឹកជូនថា ការដ្ឋានស្តារព្រែកយាយហៃ និងព្រែកបែក ត្រូវបានចាប់ដំណើរការកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ហើយមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ ៦៨ភាគរយហើយ ការដ្ឋាននេះគ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ៕
ដោយ៖ សីលា