ប្រសាសន៍​សំខាន់​ៗ​ របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ​ មានដូចខាងក្រោម​៖

-សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាវិស័យអប់រំរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់បើទោះបីជាមានការប្រមាថខ្លះពីមនុស្សមួយចំនួនក៏ដោយ ទោះជាយ៉ាងណាសម្ដេចតេជោថា «ខ្លាំងឬខ្សោយមិនស្ថិតលើគេថានោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសម័យនេះយុវជនមានឱកាសច្រើនណាស់ បើធៀបនឹងយុវជនក្នុងសម័យសង្គ្រាម ដែលបាត់បង់ទាំងស្រុងនូវឱកាសសម្រាប់ការសិក្សារៀនសូត្រ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់។ ក្នុងនោះគ្រូត្រូវបានជ្រើសរើសអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀន។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាអប់រំនៅកម្ពុជា មិនចំណុះលើការប្រមាថរបស់គេនោះទេ សំខាន់លើការប្រឹងប្រែងពង្រឹងនូវការអប់រំ។

-សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា​ ទទួលស្គាល់ថានៅមានចំណុចខ្វះខាតក្នុងវិស័យអប់រំតាំងពីថ្នាក់បឋម ដល់ថ្នាក់ឧត្តម ដែលត្រូវពង្រឹងបន្ដែមទៀត។ ទោះជាយ៉ាងសម្ដេចផ្ដាំជនជាតិខ្មែរថាមិនគួរមើលងាយលើវិស័យអប់រំរបស់កម្ពុជានោះទេ ដោយថាការមើលនេះគឺកំពុងតែបន្ទោសបង្អាប់ខ្លួនឯង។

-សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា​៖​ សម្ដេចនឹងមិនកាន់អំណាចជារៀងរហូតនោះទេ តែថានៅពេលសម្ដេចចេញពីអំណាចគឺអំណាចនោះនឹងមិនត្រូវបានធ្លាក់ដល់ដៃពួកប្រឆាំងជាដាច់ខាត។ សម្ដេចបញ្ជាក់ថា អំណាចគឺនៅតែជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

-សម្ដេចតេជោ ហ៊ុន សែន បានថ្លែង​ថា៖ ចរិតរបស់សម្ដេចគឺមិនអាចកែប្រែបាននោះទេព្រោះជាចរិតការពារទឹកដី ការពារសន្ដិភាព និងចរិតនៃការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។

-សម្ដេចតេជោ​ បានថ្លែងថា៖ «កុំសង្ឃឹមថា ហ៊ុន សែន កែ! មួយជីវិតរបស់ ហ៊ុន សែន មិនកែជាដាច់ខាត។ ចរិត ហ៊ុន សែន កម្ពុជា»។​ សម្ដេចតេជោ​ បានថ្លែងបែបនេះ ដើម្បីជាការឆ្លើយតបទៅអ្នកវិភាគតាមបណ្ដាញសង្គមម្នាក់ដែលសម្ដេចហៅឈ្មោះថា «អាខ្មៅ»។

-សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យសិក្សាពីចំនួនមន្ត្រីរាជការនៅប្រទេសស្រីលង្កា ដែលមានចំនួនប្រមាណ ១លាន ៥សែននាក់។ ចំនួននេះសម្តេចតេជោ លើកឡើងថា អាចជាបញ្ហាមួយឱ្យស្រីលង្កាជួបវិបត្តិ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសរើសមន្ត្រីរាជការមិនអាចចេះតែរើសបាននោះទេ គឺត្រូវមានការប្រឡងឱ្យច្បាស់លាស់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចអស់អំណាច តែការគ្រប់គ្រងអំណាច គឺនៅតែស្ថិតក្រោមកណ្តាប់ដៃរបស់បក្សប្រជាជនកម្ពុជាជានិច្ច។

-សម្ដេចតេជោ​នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាផ្ទាល់មាត់ទៅរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ឱ្យមានវិធានការលើក្រុមអ្នកប្រើប្រាស់បណ្ដាញជាការជេរបញ្ចោរគ្នា ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងភាពថ្លៃថ្នូរ។​ ការបញ្ជានេះគ៉ឺបន្ទាប់ពីសម្ដេចចាត់វិធានការដោយផ្ទាល់លើម្ចាស់ហ្វេសបុកម្នាក់ឈ្មោះ សាន្ត ប៊ុនធឿន ដែលបានជេរប្រទេចជាសាធារណៈបង្ហោះក្នុងបណ្ដាញសង្គមហ្វេសបុក។ សម្ដេចបានសំដែងការខកចិត្តដែលបានជួយដល់បុគ្គលរូបនេះ។

សូមជម្រាបថា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ​អង្គារ​ទី​២៣​ ខែសីហា​នេះ​ បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។

និស្សិតដែលទទួលសញ្ញាបត្ររួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print