ភ្នំពេញ៖ កីឡាករលោតទឹកកូនខ្មែរសញ្ជាតិអាមេរិកវ័យ១៧ឆ្នាំឈ្មោះ JordenPiseyWindle បានមកចែករំលែកបទពិសោធន៍ លក្ខណៈបច្ចេកទេសលោតទឹករបស់ខ្លួនដល់កីឡាករ កីឡាការិនី កម្ពុជានៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ ។ Jorden Pisey មានកំណើតខ្មែរសញ្ជាតិអាមេរិក បន្ទាប់ពីត្រូវបានម្តាយនិងឱពុកចិញ្ចឹមគេទទួលយកទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល១៥ឆ្នាំនោះ។
Jorden Pisey Windle បានបញ្ជាក់ដល់បណ្តាញផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ថា ខ្ញុំពិតជាចង់មកជួយដល់កម្ពុជាណាស់ ក៏ប៉ុន្តែបច្ចុប្បន្នរូបគេជាកីឡាករជម្រើសជាតិលោតទឹករបស់អាមេរិក ដូច្នេះគេមិនអាចមកប្រកួតតំណែងឲ្យប្រទេសណាផ្សេងក្រៅពីអាមេរិកបានទេនៅក្នុងអំឡុងពេលនេះពីព្រោះនេះគឺជាច្បាប់អាមេរិក។ ប៉ុន្តែនៅថៃ្ងអនាគត ខ្ញុំសង្ឃឹមថានឹងអាចចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជាបាន”។
ដោយឡែកលោក jery (ជើរី) ឱពុកចិញ្ចឹមរបស់ Jorden Pisey មានប្រសាសន៍ថា បច្ចុប្បន្ន Jorden Pisey ជាកីឡាករជម្រើសជាតិអាមេរិកផ្នែកកីឡាលោតទឹក តាមច្បាប់របស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិគឺកីឡាករតែម្នាក់មិនអាចលេងតំណាងឲ្យប្រទេស២បាននោះទេ ក្នុងកម្មវិធីតែ១ដូចគ្នានោះ ដោយហេតុថា Jorden Pisey ត្រូវចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងរីយូប្រទេសប្រេស៊ីល តែសម្រាប់ថៃ្ងអនាគតក្នុងនាម “ខ្ញុំជាឱពុកចិញ្ចឹមនឹងជម្រុញឲ្យJorden Pisey មកជួយដល់ប្រទេសកម្ពុជាវិញ” ។
លោកអះអាងថា Jorden Pisey Windle ជាកីឡាករលោតទឹកជម្រើសជាតិរបស់អាមេរិក ហើយកាលពី២ខែកន្លងទៅនេះកីឡាកររូបនេះទើបតែដណ្តើមបានមេដាយសំរឹទ្ធិពីការប្រកួតកម្រិតពិភពលោក នៅប្រទេស ប៉ូតូលីកូ ពិសេសនៅប៉ុន្មានខែខាមុខនេះ រូបគេនឹងចូលរួម ប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងរីយូប្រទេសប្រេស៊ីល។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡា ហែលទឹកកម្ពុជា បានថ្លែងពីចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកីឡាករ Jorden Pisey នៅពេលនេះថាជារឿងល្អ ដោយរូបគេបានចែករំលែកបទពិសោធន៍លើវិញ្ញាសាលោតទឹកក្នុងចំណោមវិញ្ញាសាផ្សេងៗក្នុងវិស័យកីឡាហែលទឹក ។
ការបង្ហាញបទពិសោធន៍និងជំនាញលោតទឹករបស់JordenPiseyនៅពេលនេះ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក វាល្អខ្លាំងណាស់ដោយសារវិញ្ញាសាលោតទឹកកម្ពុជាមិនទាន់មាន ការរីកដុះដាលនៅឡើយទេ។ ដូច្នេះការបង្ហាញពី បទពិសោធន៍ក៏ដូចជាជំនាញលោតទឹករបស់កីឡាករលំដាប់ពិភពលោក នឹងបន្ថែមបទពិសោធន៍ ដល់កីឡាករកីឡាការិនីកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នេះជាដំណើរលើកទី១ របស់ Jorden Pisey Windle មកកាន់ប្រទេសកំណើតរបស់ខ្លួន ក្រោយចាកចេញជាង១៥ឆ្នាំ។ ដំណើរទស្សនកិច្ចនេះ នឹងចំណាយពេល១សប្តាហ៏ ដើម្បីទៅសួរសុខទុក្ខ និងលើកទឹកចិត្តកុមារកំព្រានៅតាមបណ្តាអង្គការនានា ពិសេស កីឡាកររូបនេះបានមកចែករំលែកបទពិសោធន៍កីឡាលោតទឹកប្រភេទកីឡាលោតទឹកនេះ ដល់កីឡាករហែលទឹកកម្ពុជា ៕
ដោយ៖ សារីម