ខេត្តកំពត៖ព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ។
កិច្ចប្រជុំធ្វើនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាស្នងការរងទទួលការងារនៅតាមបណ្តាផែនជំនាញនីមួយៗ ព្រមទាំងលោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរ: សេនាតូចការពារព្រំដែនគោក លេខ៦០១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ឃុំ/សង្កាត់ បានចូលរួមសរុបចំនួន ២២៤នាក់ ស្រីចំនួន ២នាក់។
លោកវរសេនីយ៍ទោ ដាន វុត្ថា ស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍ស្តីពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ។ ក្នុងនោះលោកអធិការទាំង៩ក្រុង/ស្រុក លោកស្នងការរង ទទួលផែន និងលោកនាយការិយាល័យជំនាញ បានឡើងធ្វើបទអន្តរាគមន៍ ជុំវិញបទពិសោធន៍អនុវត្តការងារកន្លងមក និងដាក់ចេញផែនការអនុវត្តន៍ខែបន្ត។
ក្នុងកិច្ចប្រជុំនោះលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើការងារជំនាញនៅតាមបណ្តាផែននីមួយៗ ដែលទទួលគ្រប់គ្រងលើការងាររបស់ខ្លួនជាពិសេសអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ និងប៉ុស្តិ៍នគរបាលទាំង៩៣ យកចិត្តទុកដាក់ក្នុងការបង្រ្កាប បទល្មើសនានា ដែលបានកើតឡើងក្នុងមូលដ្ឋានត្រូវដំឡើងនូវបញ្ជីឈ្មោះមុខសញ្ញាក្មេងទំនើងបងធំបងតូច អោយបានច្បាស់លាស់នៅតាមបណ្តាអធិការដ្ឋានក្រុង/ស្រុកទាំង៩ និង នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៩៣ឃុំ/សង្កាត់ ជាពិសេសផ្តោតសំខាន់ទៅលើការងារជំនាញព្រហ្មទណ្ឌ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញទៅលើការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋអោយបានទាំងអស់គ្នានៅតាមបណ្តាឃុំ/សង្កាត់ ខិតខំយកចិត្តទុកដាក់ ទៅលើការងារសន្តិសុខនិងត្រូវគ្រប់គ្រងអោយបានច្បាស់លាស់រាល់ការស្នាក់នៅរបស់ជនបរទេស នៅតាមបណ្តាក្រុមហ៊ុន នានាអោយបានច្បាស់លាស់៕
ដោយ៖ ចន្ទ លីហ្សា