ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីធ្វើការផ្សព្វផ្សាយស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុងកិច្ចការពាក់ព័ន្ធទៅនឹងសហគមន៍ដូចជា ការចេញល្បាត កិច្ចប្រជុំ និងការចូលរួមកិច្ចការអនុវត្តការងារផ្សេងៗទៀត។
ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២២ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា បន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់នូវឯកសារនេះចាំបាច់ត្រូវមានការផ្សព្វផ្សាយដើម្បីឱ្យការប្រើប្រាស់ឯកសណ្ឋាននេះប្រព្រឹត្តិទៅដោយរលូន និងមានការឯកភាពគ្នាសំដៅពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់បានរលូន ហើយមានរបៀបរៀបរយល្អនៅថ្ងៃខាងមុខ។
លោកស្រី រដ្ឋលេខាធិការបានថ្លែងបញ្ជាក់ដែរថា ឯកសណ្ឋាននេះគឺមានមុខងារសំខាន់ដល់ប្រជាសហគមន៍ប្រើប្រាស់សម្រាប់ការចុះល្បាត និងប្រើប្រាស់ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិដែលវាជាអត្តសញ្ញាណបង្ហាញពីការសម្រាប់ប្រើប្រាស់ក្នុងពេល បំពេញការងារនៅក្នុងអង្គភាព សំដៅការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្របនិងមាននិរន្តរភាព ដែលជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកស្រី រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន ៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ,មានរបៀងអភិរក្សជីវៈចម្រុះចំនួន៣ និងមានមន្រ្តីឧទ្យានុរក្ស ១១១៥នាក់ ។ ដោយសារ មន្រ្តីឧទ្យានុរក្សមានចំនួនតិចនៅឡើយ ហេតុនេះហើយគេចាំបាច់ត្រូវមានការចូលរួមសហការពីសហគមន៍មូលដ្ឋាន ។
លោកស្រី រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ការប្រគល់តួនាទី និងការចូលរួមកិច្ចការពារតាមរយៈការប្រើប្រាស់ឯកសណ្ឋាននេះដែរគឺជាផ្នែកមួយសម្រាប់ពង្រឹងដល់សហគមន៍ឱ្យពួកគាត់មានសមត្ថភាពកាន់តែច្រើនសម្រាប់ចូលរួមកិច្ចការពារតំបន់សហគមន៍របស់ខ្លួនកាន់តែមានប្រសិទ្ធភាព”។
ទាក់ទិនក្នុងរឿងនេះដែរ លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានថ្លែងប្រាប់ AMS ឱ្យដឹងថា ការប្រគល់សម្លៀកបំពាក់ ដែលជាឯកសណ្ឋានដល់សហគមន៍នេះគឺគណៈកម្មាធិការម្នាក់បានទទួល២កំប្លេក្នុងមួយឆ្នាំ ។ឯកសណ្ឋាននេះគឺប្រើប្រាស់តែក្នុងសហគមន៍ ដោយគាត់មិនអាចប្រើប្រាស់ក្រៅពីសហគមន៍របស់គាត់បានឡើយពីព្រោះថាក្នុងឯកសណ្ឋាននេះគេបានសរសេរឈ្មោះ សហគមន៍ត្រឹមត្រូវ។
លោកប្រធាននាយកដ្ឋានជីវភាពសហគមន៍បានឱ្យដឹងដែរថាបច្ចុប្បន្នសហគមន៍តំបន់ការពារធម្មជាតិកម្ពុជាមានចំនួនសរុប ១៩០សហគមន៍និងមានសមាជិកជាង ២៩ម៉ឺននាក់។
គូរបញ្ជាក់ថា បើយោងតាមប្រកាសស្តីពីការបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋានបានចែក្នុងប្រការ៥និង៦ថា៖ការចំណាយលើឯកសណ្ឋានសហគមន៍មូលដ្ឋាន ត្រូវប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន។ អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន អាចកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ឬអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍រៀបចំឯកសណ្ឋាន សហគមន៍មូលដ្ឋាននេះ សម្រាប់គណៈកម្មការបណ្តាញអភិរក្សធនធានធម្មជាតិ គណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិ ភ្នាក់ងារឧទ្យានុរក្ស និងក្រុមល្បាតនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ការពារ ធម្មជាតិ ឬនៅក្នុងខេត្តគោលដៅ។ ចំណែកប្រការ ៦បានបញ្ជាក់ថា ៖ជនណាដែលមិនមានចែងក្នុងប្រការ២ ហើយបានប្រើប្រាស់ឯកសណ្ឋានសហគមន៍មូលដ្ឋាន ដោយ គ្មានការអនុញ្ញាត ឬក្លែងបន្លំឯកសណ្ឋានសហគមន៍មូលដ្ឋាន ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕
ដោយ : សហការី