ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបប្រតិភូជាង២០រូប នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង នាវេលាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ដើម្បីរាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២កន្លងមក ព្រមទាំងទិសដៅការងារសម្រាប់អាណត្តិបន្ត។
លោក ហ៊ុយ វណ្ណៈ ដែលដឹកនាំសហព័ន្ធសារព័ត៌មានដ៏ធំមួយនេះរយៈពេល៦ឆ្នាំមកហើយ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល ការងារមនុស្សធម៌ការងារព័ត៌មាននិងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន ហើយក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។
សម្រាប់ទិសដៅការងារបន្តរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។ ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន។
ក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយសមាគមកាសែតជាង៥០នៅកម្ពុជា នៅក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ លោក ខៀវ កាញារីទ្ធ គាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលវាគ្មិន ហើយក៏ដូចជាជួយចែករំលែកដល់អ្នកកាសែតពីការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា និន្នាការហ្វេសបុកហាក់ក្លាយទៅជាបែបពាក់កណ្តាលបុរាណសម័យ ខណៈនិន្នាការ TikTok ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើងពីភាពចាំបាច់ក្នុងការបន្តរួមចំណែកពង្រឹង «ក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត» ផងដែរ ដោយស្នើឱ្យសហព័ន្ធពិចារណារកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថដែលបានកើតមានកន្លងមក។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត»។
គួរបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន សហព័ន្ធក៏បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្ន សហព័ន្ធមានរចនាសម្ព័ន្ធការងារដែលក្នុងនោះ គណៈកម្មការប្រតិបត្តិចំនួន២២រូប ទីប្រឹក្សា៩រូប លេខាធិការដ្ឋាន៩រូប៕
ដោយ : (ស.ស.ស.ក)