មានការរិះគន់កប់ៗមាត់រឿងយកល្បែងអាប៉ោងនិងបៀជាឈុតតំណាងខេត្ត ក្នុងកម្មវិធីMiss Grand Cambodia 2022

ចែករំលែក៖

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ គឺកម្មវិធី Miss Grand Cambodia 2022 បានឈានដល់
ការប្រកួតឈុតតំណាងជាតិហើយ ដោយតម្រូវឱ្យបេក្ខភាពទាំង៣៥រូបត្រូវបង្ហាញឈុតតំណាងខេត្ត រាជធានី និងតំណាងប្រទេសដែលប្រជាជនខ្មែររស់នៅច្រើនផងដែរ ។ ប៉ុន្តែការបង្ហាញឈុតតំណាងខេត្ត-រាជធានីនេះបានលេចចេញនូវការរិះគន់មិនសំចៃមាត់ចំពោះឈុតរបស់បេក្ខនារីមកពីខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដោយសារយកល្បែងស៊ីសងជាសន្លឹកបៀ និងអាប៉ោងធ្វើជាឈុតតំណាងខេត្តរបស់ខ្លួនក្នុងវគ្គនេះ។
គេដឹងដែរថា រាល់ឈុតតំណាងជាតិរបស់បេក្ខជនទាំងអស់គឺកម្មវិធីតម្រូវឱ្យស្វែងរកអ្នកឧបត្ថម្ភ និងច្នៃដោយខ្លួនឯង ដែលបេក្ខជនខ្លះមិនមានថវិកាគ្រប់គ្រាន់ក្នុងការច្នៃឡើយ ប៉ុន្តែក៏មិនគួរប្រើប្រាស់ឈុតល្បែងស៊ីសងដែលជាគំរូមិនល្អនោះដែរ ហើយក៏មានឈុតស្អាតប្រណីតថ្មីប្លែកជាច្រើនដែលកូនខ្មែរជំនាន់ក្រោយបានច្នៃយ៉ាងប្រណីតកន្លងមកដែលមានភាពទាក់ទាញខ្លាំង និងបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ប្រពៃណីផងដែរ។ មានមតិរិះគន់ជាច្រើនបានលើកឡើងថា ការយកល្បែងស៊ីសងធ្វើជាតំណាងខ្មែរបែបនេះយើងសូមសម្ដែងការមិនពេញចិត្ត ព្រោះព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងនោះទេ ហើយល្បែងស៊ីសងគ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ ។ ល្បែងបៀ អាប៉ោងដែលគេហាមតាមស្រុកភូមិជាល្បែងសុីសងខុសច្បាប់ ប៉ុន្តែបែរជាកម្មវិធីធំមួយយកទៅបង្ហាញជាអន្តរជាតិពីមុខផ្ទាំងប្រាសាទអង្គរវត្តខ្មែរទៅវិញ។ នៅមានមតិរិះគន់ជាច្រើនទៀតពីសំណាក់ប្រជាជនកម្ពុជាដោយបានសម្តែងការមិនពេញចិត្តចំពោះឈុតតំណាងខេត្តនិងក្រុងទាំងពីរនេះ ។ ទោះបីមានការរិះគន់សម្តែងការមិនពេញចិត្តក្តី ក៏គេសង្តេតឃើញថា មិនទាន់មានប្រតិកម្មណាមួយចេញមុខតបតពីសំណាកអ្នករៀបចំកម្មវិធីខាងលើនេះនៅឡើយទេ ។
ក្រៅពីមហាជនរិះគន់មិនសំចៃមាត់ក្នុងនោះក៏មានទាំងសិល្បករជាច្រើនបានបង្ហាញការមិនពេញចិត្តពីការរៀបចំយកឈុតតំណាងខេត្តជាល្បែងស៊ីសង ដែលជារឿងមិនគួរផ្សព្វផ្សាយនៅលើឆាក និងជាការផ្សព្វផ្សាយមិនល្អទាំងក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។ គេរំពឹងដែរថា កម្មវិធីនឹងធ្វើការបកស្រាយបន្ថែមលើករណីនេះ៕

ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print