ភ្នំពេញ ៖ នារីភេទទីបីម្នាក់បើករថយន្តបញ្រ្ចាស់ទិសដៅចរាចរណ៍បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យអ្នកបើកបរម៉ូតូពីរនាក់រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកZOOMER Xពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HI 0394បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយបុរសម្នាក់ទៀតដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៍ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BM 0411 បើកបរដោយនារីភេទទីបីម្នាក់បានបើកបញ្ច្រាសទិសដៅចរាចរណ៍ពីជើងមកត្បូងបុកនឹងម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
ដោយ និនសុភ័ស្ត