ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២០៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅភូមិ ពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ ថា ៖ លោកស្រី សេង សុផាន់នី អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន០៤នាក់ ប្រកបមុខរបធ្វើជាកម្មករសំណង់ និងបម្រើការងារនៅតាមផ្ទះផងដើម្បីបានប្រាក់ចិញ្ចើមកូន។ ដោយជីវភាពលំបាកខ្វះខាត ទើបលោកស្រីគ្មាន លទ្ធភាព ក្នុងការសាងសង់ផ្ទះ រស់នៅឲ្យបានសមរម្យនៅលើដី ដែលខ្លួនមាន។ ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៧ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកនាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
នៅក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ បងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នា និងត្រូវខឹតខំ ប្រកបមុខរបររកទទួលទានដោយសុច្ចរឹតទៀងត្រង់ ជា មួយនេះផងដែរត្រូវចេះអនាម័យជុំវិញផ្ទះ ដើម្បីសុខភាពល្អរួមទាំងការបន្តការពារទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ឲ្យបានគ្រប់ៗគ្នា ។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និង សូមគោរពជូនពរ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រីរួមទាំងគណៈកម្មាធិការ សមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយនិងបានប្តេជ្ញាចិត្តបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ មន្នី