ខេត្តបាត់ដំបង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការប្រារព្ធ ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២២ នាថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ បានបញ្ជាក់ថា គណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង មានកិត្តិយសសូម គោរពជម្រាបជូន ព្រះថេរានុថេរគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត លោក លោកស្រី អ្នកនាង កញ្ញា ពាណិជ្ជករ អាជីវករ និងប្រជា ពលរដ្ឋទូទាំងខេត្តបាត់ដំបងមេត្តាជ្រាបថា៖ ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញ ព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទ ១៤-១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែ តុលា ឆ្នាំ២០២២ នៅតាមបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី។
ដើម្បីឱ្យពិធីនេះមានភាពអធិកអធម និងប្រកបដោយបរិយាកាសសប្បាយរីករាយ គណៈកម្មការរៀបចំ ពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ សូមនិមន្ត និងសូមគោរពអញ្ជើញព្រះថេរានុថេរ គ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត លោក លោកស្រី អ្នកនាង កញ្ញា ពាណិជ្ជករ អាជីវករ ចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ៕
ដោយ៖សហការី