(កំពង់ធំ) ៖ លោកអ៊ុ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បើប្រទេសកម្ពុជាយើងបើគ្មានសន្តិភាពទេ ក៏គ្មានភាពរីកចម្រើន អភិវឌ្ឍគ្រប់វិស័យ រួមគ្នាការពារសន្តិភាពអោយជានិរន្តភាព ។
ការថ្លែងនេះនាឱកាស លោកអ៊ុ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ មន្ត្រីរាជការជាច្រើនរូប ។ ចូលរួមប្រកាសជាផ្លូវការ អភិបាលរងខេត្តកំពង់ធំចំនួន ៤រូប និងនាយករដ្ឋបាល១រូប ចូលកាន់តំណែងរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ១ លោក ងួន រាសី អភិបាលរងខេត្ត ២ លោក អ៊ុន បុត្ត អភិបាលរងខេត្ត ៣ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ៤ លោក លី វេត អភិបាលរងខេត្ត និង៥ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ។
លោកងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថា រដ្ឋបាលខេត្តបានយកចិត្តដាក់ និងអនុវត្តសម្រេចបានលទ្ធផល បានបង្កើតក្រុមការងារចុះស្រង់ទិន្នន័យប្រជាពលរដ្ឋកំពុងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យ ផលជាក់ស្ដែងយូរឆ្នាំ ពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ និងដីសហគមន៍ព្រៃឈើដោយ បានដាក់ពាក្យស្នើសុំកាត់ឆ្កៀលដីលើ ០៧ស្រុក មានចំនួន ៤៦.៥៣២គ្រួសារ ស្មើនឹង ៥៧.៦២៣ក្បាលដី លើផ្ទៃដីសរុប ១៦១.៤២៧ហិកតា ។
លោកអភិបាលខេត្តកំពង់ធំបានបន្ថែមថា រដ្ឋបាលខេត្តកំពង់ធំបាន សិក្សាស្រាវជ្រាវប្រមូលទិន្នន័យដីដែលបានប្រើប្រាស់ក្នុងតំបន់២ និងតំបន់៣ មុនចេញអនុក្រឹត្យលេខ១៩៧ ឆ្នាំ២០១១ ដើម្បីរៀបចំស្នើសុំកាត់ឆ្កៀលដីពី តំបន់២ មកតំបន់១ និងពីតំបន់៣ មកតំបន់២ ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យ ផលស្របច្បាប់ ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្កៀលដីពីតំបន់២ មកតំបន់១ ចំនួន ១០.០១៤ហិកតា ស្មើនឹង ៩.១១៤គ្រួសារ ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋមានសិទ្ធចាត់ចែង និងពីតំបន់៣ មកតំបន់២ ចំនួន ៦.៣៨៥ហិកតា ស្មើនឹង ១.៧៤៩គ្រួសារ ដើម្បីឲ្យប្រជាពលរដ្ឋអាស្រ័យផលស្របច្បាប់។
លោកអ៊ុ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានថ្លែងបន្តថា ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញការអភិវឌ្ឍខេត្តកំពង់ធំឲ្យកាន់តែឆាប់រហ័ស។ ហើយសង្ឃឹមយ៉ាងមុតមាំថាអភិបាលរងដែលចូលកាន់តំណែងថ្មី នឹងយកអស់សមត្ថភាព និងបទពិសោធន៍ រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវអនុវត្តតាមគោលការណ៍ដឹកនាំលើគ្រប់វិស័យ ជាពិសេសការងារ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋាន។
លោកអ៊ុ ម៉ារ៉ា រដ្ឋលេខាធិការបានបន្ថែមថា ពិធីប្រកាសនាពេលនេះ គឺជាការឆ្លុះបញ្ចាំង និងបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះមន្ត្រីរាជការក្រោមឱវាទ ជាពិសេសចំពោះយើងខ្ញុំផ្ទាល់ ដើម្បីឱ្យពួកយើងមានឱកាសចូលរួមដឹកនាំ និងគ្រប់គ្រងឲ្យបានកាន់តែប្រសើឡើង នូវគុណភាពនៃការសម្រេចចិត្ត គុណផលការងារ និងគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។
ក្នុងនោះដែរលោកអភិបាលរងខេត្ត និងនាយករដ្ឋសាលាខេត្តបានប្តេជ្ញាចិត្តដូច្នេះថា យើងខ្ញុំ(អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត) ចូលរួមក្នុង ការងារអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើប្រទេសជាតិ។ អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ។ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តភារកិច្ចដើម្បីសម្រេចបាននូវសមិទ្ធ ផលធំៗថែមទៀត ។ ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ។ រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលខេត្ត និងការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរឡើង។ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយ មន្ទីរ-អង្គភាព ជំនាញជុំវិញខេត្ត ។ ចូលរួមយ៉ាងសកម្មជំរុញការអភិវឌ្ឍក្នុងខេត្តកំពង់ធំ ឲ្យកាន់តែរីកចម្រើនថែមទៀត៕