ខេត្តត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត នឹងរថយន្តបុកបន្តគ្នារហូតដល់៣គ្រឿងបណ្តាលឱ្យគាបស្លាប់មនុស្សម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១:០០នាទី នៅលេីផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៤-១២៥ ត្រង់ចំណុចមុខផ្ទះឈ្មោះ ជា ហ៊ាត ភេទប្រុស ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អធិការនគរបាលស្រុកត្បូងឃ្មុំ លោកសាំ ហេង បានឱ្យដឹងថា រថយន្តម៉ាកហ៊ី
យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3961មិនទាន់ស្គាល់ឈ្មោះអ្នកបើកបរ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានបុកជាមួយរថយន្តធុនធំ មិនស្គាល់ម៉ាក មិនស្គាល់ឈ្មោះនិងអាសយដ្ឋានអ្នកបើកបរ (រថយន្តបើករត់ទៅទិសខាងលិចបាត់) រួចហើយបានបន្តទៅបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-4455 សណ្តោងសឺមឺរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ 4A-0036 មិនស្គាល់ឈ្មោះនិងអាសយដ្ឋានអ្នកបើកបរ (រត់គេចខ្លួនបាត់)។
មុនកើតហេតុរថយន្តធុនធំមិនស្គាល់ម៉ាកបើកបរមកពីកើតទៅលិច ចំណែករថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 2BB-3961 បើកបរពីក្រោយជែងរថយន្តធុនធំមិនផុតក៏កៀររថយន្តធុនធំមិនស្គាល់ម៉ាកខាងលើ រួចជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-4455 ដែលបើកបរមកពីលិចទៅកើត ។
ចំពោះជនរងគ្រោះគេមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ហើយរថយន្តខូចខាតកម្រិតធ្ងន់ចំនួន០២គ្រឿង។
មូលហេតុមកពីការបើកជែងក្នុងសភាពផ្លូវកោងនិងបែកជាបី។
ករណីនេះសមត្ថកិច្ចជំនាញចរាចរណ៍កំពុងបន្តនីតិវិធី៕
ដោយ៖ អ្នកប្រមាញ់