ខេត្តកំពង់ឆ្នាំង ៖ អ្នកនេសាទ២នាក់បានរត់គេចខ្លួនបន្សល់ទុកទូកម៉ាស៊ីនចំនួន២គ្រឿង និងឧបករណ៍នេសាទ នៅពេលដែលសមត្ថកិច្ចទៅឡោមព័ទ្ធក្នុងពេលដែលអ្នកនេសាទទាំងនេះបានចូលទៅនេសាទក្នុងឡូដ៍អភិរក្សលេខ១២ ។ ការបង្រ្កាបទូកនេសាទនេះគឺធ្វើឡើងកាលពីវេលាយប់រំលងអធ្រាត្រថ្ងៃទី១៣ ខែឧសភា ឆ្នា២០១៦ នៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័តមានពីសកម្មភាពបទល្មើសនេសាទនៅចំណុចភូមិសាស្រ្តខាងលើ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល បានចុះអន្តរាគមន៍ភ្លាមៗ នៅពេលទៅដល់កន្លែងស្រាប់តែក្រុមអ្នកនេសាទទាំងនោះបានរត់គេចខ្លួនបាត់អស់ទុកតែទូកម៉ាស៊ីន២គ្រឿងរួមនិងឧបករណ៍មួយចំនួនទៀត ។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនោះបានឲ្យដឹងថា ក្រុមអ្នកនេសាទក្នុងឡូត៍អភិរក្សនោះ គឺម្នាក់ឈ្នោះ ម៉ាត់ យ៉ើ ភេទប្រុស និងម្នាក់ទៀតឈ្មោះ ហូ នោ ភេទប្រុស អ្នកទាំងពីរជាជនជាតិខ្មែរឥស្លាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
មជ្ឈដ្ឋានានាកំពុងតែរង់ចាំមើលថា នៅពេលនេះប្រជាពរដ្ឋស្គាល់ឈ្មោះម្មាស់ទូកនេសាទខុសច្បាប់ហើយចាំមើលគេអាចហៅក្រុមនេសាទខិលខូចនេះយកមកអនុវត្តតាមផ្លូវច្បាប់បានដែឬទេ ។
តាមប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា បច្ចុប្បន្នក្រុមនេសាទខុសច្បាប់គឺមានច្បាប់មានច្រើននៅក្នុងភូមិសាស្រ្តស្រុកជលគិរី ដែលភាគច្រើនគឺធ្វើពេលយប់ ដែលការនេសាទនេះប្រើដោយកម្លាំងម៉ាស៊ីន ប៉ុន្តែគេពុំដែលឃើញមានសមត្ថកិច្ចឬជំនាញនៅទីនោះអើពើពីការបំផ្លិចបំផ្លាញធនធានជលផលទាំងនេះទេ ៕
ដោយ៖ ចន្ថា