ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦កីឡាករអាជីពនិងមិនមែនអាជីពដែលជាមន្ត្រីរាជការក្នុងអង្គភាពក្រសួង មហាផ្ទៃរួមជាមួយមន្ត្រីរាជការផ្សេងទៀតនិងវិស័យឯកជនប្រមាណជាង១០០នាក់ បានចូលរួមប្រកួតកីឡាវាយកូនហ្គោល អបអរសាទរខួបកំណើតនគរបាលជាតិលើកទី៧១ដែលដំណើរប្រកួតនៅលើទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោក ម៉ន សុខជា គណៈកម្មការរៀប ចំការប្រកួតបានបា្រប់ឲ្យដឹងថា ការប្រកួត នេះគឺប្រារព្ធធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួបលើកទី៧១នៃការបង្កើតនគរបាលជាតិនិងដើម្បីបំផុសវិស័យកីឡាវាយកូនហ្គោលនៅក្នុងព្រះរាជាណាចក្រ កម្ពុជាក្នុងទិសដៅជំរុញឲ្យវិស័យកីឡាមួយនេះមានសកម្មភាពផុសផុលដូចវិស័យ កីឡាដទៃទៀត ។ ពិសេសបំផុសកីឡានេះ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាថ្នាក់តំបន់។
លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍វាយកូនហ្គោលដណ្តើមពានរង្វាន់នគរបាលជាតិដើម្បីអបអរសាទរខួបលើកទី៧១បានផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព មិត្តភាព សាមគ្គីភាព ក្នុងជួរថ្នាក់ដឹកនាំ ក៏ដូចជាមហាជនដទៃទៀត ។
លោកនាយឧត្តមសេនីយ៍បន្តថា តាម រយៈព្រឹត្តិការណ៍នេះក៏ជាការចូលរួមចំណែក លើកស្ទួយនិងបំផុសវិស័យកីឡានេះដល់យុវជនកម្ពុជាដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ។ ម្យ៉ាងវិញទៀត ការប្រកួត នេះក៏ជាចលនាមួយជំរុញឲ្យយុវជនកាន់តែចាប់អារម្មណ៍បន្ថែមទៀតលើវិស័យ កីឡាវាយកូនហ្គោល ។
សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរចំពោះស្មារតីនៃការចូលរួមក្នុងព្រឹត្តិការណ៍វាយកូនហ្គោលដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដើម្បីអបអរ សាទរខួបកំណើតនគរបាលជាតិលើក ទី៧១ ។ សម្តេចបន្ថែមថា វិស័យកីឡាវាយ កូនហ្គោលទើបតែបានចាប់ផ្តើមនៅកម្ពុជា ហើយមកដល់ពេលនេះកម្ពុជារបស់យើងពុំទាន់មានកីឡាករវាយកូនហ្គោលណាម្នាក់ក្លាយជាកីឡាអាជីពនៅឡើយទេ ។ ដូច្នេះការខិតខំបង្កើតឡើងព្រឹត្តិការណ៍ប្រកួតនេះ ពីសំណាក់គណៈកម្មការរៀបចំការប្រកួតគឺជាការរួមគ្នាធ្វើដើម្បីជំរុញនិងបំផុសដល់យុវជនដែលមានឧបនិស្ស័យក្នុងវិស័យ កីឡាវាយកូនហ្គោលឲ្យក្លាយខ្លួនទៅជា កីឡាករអាជីពនិងចូលរួមប្រកួតប្រជែង ដណ្តើមយកមេដាយជាលក្ខណៈអន្តរជាតិជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ក្តីសង្ឃឹមនាថ្ងៃអនាគតសម្តេចនឹងជួយជំរុញ ឲ្យកូនខ្មែរយើងអាចក្លាយទៅជាកីឡាករ អាជីពសម្រាប់ទ្រទ្រង់ជីវភាពផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនោះក៏បាននាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕