គ្រូមន្តអាគមម្នាក់ ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន ពាក់ព័ន្ធករណីប្រទូស្តកេរ្តិខ្មាស់ នារីលក់អនឡាញចំនួន៣នាក់ ​​

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោបានឱ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ មានជនសង្ស័យម្នាក់ដែលតាំងខ្លួនជាគ្រូមន្តអាគម និងលក់ថ្នាំខ្មែរ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រទូស្តកេរ្តិ៍ ទៅលើនារីលក់អនឡាញចំនួន៣នាក់រួមមាន ៖ ទី១-ឈ្មោះ ជ -ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅក្នុងបុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ទី២-ឈ្មោះ ជ ស ហ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅក្នុងបុរីកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  និងទី៣-ឈ្មោះ ម ស ណ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅក្នុងបុរីកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិហប់ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំពោះវត្ថុតាងចាប់យករួមមាន៖ ១-ចិញ្ចៀនលោហធាតុពណ៌លឿងដាំត្បូងពណ៌សចំនួន០១វង់ , ២-ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ, ៣-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K-5383 ចំនួន០១គ្រឿង, ៤-ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ផ្កាឈូកចំនួន០១គ្រឿង, ៥-កាបូបស្ពាយពណ៌ខ្មៅចំនួន០១, ៦-គ្រឿងសក្ការៈមួយចំនួន ។ 

 

   សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី ជនសង្ស័យឈ្មោះ ឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K-5383 ដើរលក់ថ្នាំខ្មែរតាមផ្ទះពលរដ្ឋ។ ពេលមកដល់ផ្ទះរបស់ជនរងគ្រោះទាំង០៣នាក់ ជននេះបាននិយាយអះអាងថា រូបគេ (ជនសង្ស័យ) ជាអ្នកចេះកាត់ប្រជ្រុយចង្រៃធ្វើឱ្យមានលាភសំណាងមកវិញ ។ បន្ទាប់មកជនសង្ស័យក៏បានហៅជនរងគ្រោះម្នាក់ចូលទៅក្នុងបន្ទប់ រួចចាក់គន្លឹះទ្វារជាប់ពីខាងក្នុង ហើយធ្វើសកម្មភាពដោះខោអាវរបស់ជនរងគ្រោះចេញទាំងអស់ ទោះបីជនរងគ្រោះប្រកែកមិនឱ្យដោះក៏ដោយ ក៏ជនសង្ស័យនៅតែបង្ខំដោះចេញទាំងអស់ ហើយរុញជនរងគ្រោះឱ្យដេកផ្ងារទៅលើគ្រែ រួចធ្វើសកម្មភាពខ្វេះកកាយរកមើលប្រជ្រុយនៅលើខ្លួនប្រាណ និងបានអុជធូបធ្វើពិធីដុតប្រជ្រុយ ហើយធ្វើសកម្មភាពខូចខិលព្រៃផ្សៃប៉ះពាល់ដល់កេរ្តិ៍ខ្មាសជនរងគ្រោះ រួចក៏ឱ្យជនរងគ្រោះស្លៀកពាក់ចេញមកខាងក្រៅវិញ ។      

លុះដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះម្នាក់ទៀតឱ្យចូលក្នុងបន្ទប់ម្តង រួចជនសង្ស័យក៏បានធ្វើសកម្មភាពលើជនរងគ្រោះទី២ដូចជនរងគ្រោះទី១ដែរ ហើយបានឱ្យស្លៀកពាក់ចេញមកខាងក្រៅវិញ ។  រហូតដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះទី៣ឱ្យចូលក្នុងបន្ទប់ទៀត ហើយបានធ្វើសកម្មភាពដូចជនរងគ្រោះទាំង០២នាក់ខាងលើដែរ ប៉ុន្តែពេលធ្វើសកម្មភាពទៅលើជនរងគ្រោះទី៣រួចជនសង្ស័យបានដោះគ្រឿងអលង្ការរបស់ជនរងគ្រោះឈ្មោះ ម ស ណ ទុកមានដូចជា ១-ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌សចំនួន០១វង់ , ២-ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ ហើយក៏ជិះម៉ូតូម៉ាកខាងលើគេចខ្លួនចេញបាត់ទៅ។ លុះមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះទាំង០៣នាក់បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនឹងវត្ថុតាង នៅត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចាប់បង្ខំជនរងគ្រោះទាំង០៣នាក់ខាងលើ ធ្វើសកម្មភាពមិនគប្បីប្រាកដមែន។

បច្ចុប្បន្ននេះ ជនង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំនរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print