ភ្នំពេញ : ប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទស្មាតកាត (Smart Card) ដែលអាចអនុញ្ញាតឱ្យមន្ត្រីរាជការ ប្រេីប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹមផង (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រេីប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។
ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការស៊ីវិលបម្រើការងារនៅ តាមក្រសួង ស្ថាប័ន នៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសាធារណជន មេត្តាជ្រាបថា ដោយបានទទួល គោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ នឹងរៀបចំបោះពុម្ពឡើងវិញនូវអត្តសញ្ញាណប័ណ្ណ សម្គាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការប្រើប្រាស់ជាផ្លូវការ។
កន្លងមក អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវ ការមកដល់ឆ្នាំ ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។
សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះ ដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាម ប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ភ និងផ្តល់ជូននូវអត្តសញ្ញាណ ប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ “ស្មាតកាត” (Smart Card) ដែលអាចអនុញ្ញាតឱ្យមន្ត្រីរាជការ ប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង និងអាច ប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។
ទន្ទឹមនោះ ដោយមានការសម្របសម្រួលនិងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការបោះពុម្ព អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឱ្យ ម្ចាស់ប័ណ្ណបង់ថ្លៃឡើយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ត្រីរាជការស៊ីវិលនិងសាធារណជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាប និងចូលរួមសហការឱ្យបានល្អប្រសើរ ៕
ដោយ :សិលា