ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ។

យោងតាមអនុក្រឹត្យលេខ៦០៤អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្រ្តីរាជការចំនួន០៤រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុមានដូចខាងក្រោម៖

១.លោក ឯម ភាព ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ជាអភិបាលរងខេត្ត

២.លោក មីន កុម្ភៈ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរងខេត្ត

៣.លោក អ៉ី សុខឡេង ឋានន្តរស័ក្តិវរ:មន្ត្រីថ្នាក់លេខ១ ជាអភិបាលរងខេត្ត

៤.លោក យូសុះ សូឡៃម៉ាន់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ៤ នៃក្រមខណ្ឌគ្រូបង្រៀនកម្រិតឧត្តមក្រសួងអប់រំយុវជន និងកីឡា ជាអភិបាលរងខេត្ត។

យោងប្រកាសលេខ៤៦៥៧ប្រក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំង លោក ហូត ហ៊ុយ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ឱ្យកាន់តំណែងជានាយករដ្ឋបាលសាលាខេត្តព្រះសីហនុ។ 

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វាគមន៍ការចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ និងនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ។ ខ្ញុំសូមលើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកអភិបាលរងខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តតួនាទី ភារ:កិច្ចក្នុងការបំពេញការងារឱ្យមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ឱ្យបានល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវ: មានការទទួលខុសត្រូវ ពិសេសប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។ 

លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ចូលរួមប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្ត។ ជាមួយគ្នានេះ លោកបានសម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំរួមគ្នាយ៉ាងសកម្មបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវសម្រេចបានសមិទ្ធផលល្អ ក្នុងការធានាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជម្រុញការ អភិវឌ្ឍ​ សេដ្ឋកិច្ចសង្គម ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ និងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ បង្កលក្ខណៈដល់ការបើកប្រទេសពេញលេញ លើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី។ 

ទន្ទឹមនោះបានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ពិសេសការការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងមក ដែលមជ្ឈដ្ឋានជាតិ អន្តរជាតិវាយតម្លៃថា ជាការបោះឆ្នោតប្រកបដោយលក្ខណសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមច្បាប់។ ហើយសមិទ្ធផល និងស្មាដៃដែលខេត្តសម្រេចបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។ ខេត្តព្រះសីហនុអនុវត្តបានល្អ ក្នុងស្ថានភាពនៃការាតត្បាតនៃជំងឺកូវីដ-១៩ ដោយរដ្ឋបាលខេត្តដោះស្រាយបានទាន់ពេលវេលាដោយការទទួលខុសត្រូវ។     

លោករដ្ឋលេខាធិការបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នដូចជាការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និង​លិខិត​ បទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print