ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះក្លិបមួយកន្លែងមានយីហោ «all friend pub» រួចហើយបានរាលដាលបន្តដល់ផ្ទះពលរដ្ឋជិតខាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពុង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានឡើយ ព្រោះទំហំនៃការឆាបឆេះមានទ្រង់ទ្រាយធំនិងឆេះលឿនផងដែរ។ ភ្លាមៗនោះកម្លាំងអាជ្ញាធរមូលដ្ឋានបានទាក់ទងទៅជំនាញបង្ការនិងពន្លត់អគ្គិភ័យចេញរថយន្តមកជួយធ្វើអន្តរាគមន៍ តែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្លិប all friend pub ខាងលិចសាលាបឹងត្របែក តាមបណ្ដោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅជិតទីតាំងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីទីតាំងក្លិបខាងលើ ហើយបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ប៉ុន្តែដោយសារការឆាបឆេះមានទំហំធំយើងមិនអាចគ្រប់គ្រងបាន ពេលនោះពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញ ចេញមកជួយធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ថាមានអគ្គិភ័យកំពុងឆាបឆេះនោះ លោកក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដចេញទៅជួយធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ ប៉ុន្តែដោយទំហំនៃការឆាបឆេះធំនិងលឿនពេក កម្លាំងជំនាញបានបាញ់ពន្លត់ភ្លាមៗដែរតែការខូចខាតសម្ភារក្នុងក្លិបអស់ស្ទើរទាំងស្រុងទៅហើយ ដូចជាតុ សាឡុង ពូក..ជាដើម និងបានរាលដាលដល់ផ្ទះពលរដ្ឋដែលនៅជាប់ជាមួយក្លិបនោះផងដែរ ដែលជាប្រភេទផ្ទះឈើប្រក់ក្បឿង។
លោកនាយការិយាល័យបានឱ្យដឹងទៀតថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្មាំងជំនាញបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដោយសរុបរថយន្តមកដល់ទីតាំងកើតហេតុមានចំនួន២៥គ្រឿង រួមមាន រថយន្តទីក្រុងជ្រោយចង្វា ក្រសួងមហាផ្ទៃ ទីក្រុងកោះពេជ្រ ស្រាបៀរកម្ពុជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រើប្រាស់រយៈពេលជាង១ម៉ោងទើបពន្លត់បានជាស្ថាពរ។ ចំពោះមូលហេតុនៃការឆាបឆេះនេះកម្លាំងជំនាញសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណាកម្លាំងនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត៕
ដោយ៖ រ៉ារ៉ា