អភិបាល​ខេត្ត​ព្រៃវែង​ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងស្រុកស៊ីធរកណ្តាល

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២​ បានដឹកនាំមន្ទីរអង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកស៊ីធរកណ្តាល ដែលកន្លងមកធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ថា បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង ៤គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែរទៀត ប្រវែង ៤,៤០០ម៉ែត្រ កំពុងអនុវត្តគម្រោងបានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់នឹងស្ពានជ្រោយសសិត ស្រុកស៊ីធរកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជា សម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ។ ហេតុនេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាការពារ មេភូមិ មេឃុំ ជួយថែរក្សាការពារផ្លូវ DBST និងផ្លូវបេតុងនេះទាំងអស់គ្នា ដើម្បីឱ្យផ្លូវនេះបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print