ម្ដាយ​ស្ទើរបែកធ្លាយទ្រូង​ ខណៈ​បាត់កូនស្រីជាងកន្លះឆ្នាំ ស្រាប់​តែ​ទៅរកឃើញក្នុងចម្ការលោក ខឹម វាសនា

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្តី​ម្នាក់​ជាម្ដាយស្ទើរបែកធ្លាយទ្រូងទៅហេីយ​ ខណៈកូនស្រីរបស់គាត់មានវ័យត្រឹមតែ ១៨ឆ្នាំ បានបោះបង់ចោលការសិក្សាថ្នាក់អាហារូបករណ៍ និងចាក់ចេញពីផ្ទះអស់រយៈពេលជាង ៧ខែដោយគ្មានផ្តល់ដំណឹងឱ្យ​អាណាព្យាបាល​ដឹងនោះទេ។ ​ស្រាប់​តែ​នាងទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅវិញ​​។

បេី​តាមការរៀបរាប់ពីអ្នកស្រី គង់ ចាន់ថូ ជាម្តាយរបស់យុវតីរូបនេះ បានឱ្យដឹងថា កូនស្រីរបស់អ្នកស្រីដែលមានវ័យ ១៨ឆ្នាំ ជាសិស្សពូកែមួយរូប ដោយប្រឡងបាក់ឌុបបាននិទ្ទេសB ហើយប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាមិនអស់ថ្លៃរហូតដល់ទៅ៤ឆ្នាំថែមទៀតផង។ អ្នកស្រី បានរៀបចំជួលបន្ទប់សម្រាប់ឱ្យកូនសិក្សានៅរាជធានីភ្នំពេញទៅហើយ បែរជាកូនស្រីបាត់ដំណឹងសូន្យឈឹង។

ស្រ្តី​ជាម្តាយ​ បានរៀបរាប់​បន្ថែម​ថា​៖ លោកស្រី និងគ្រួសារ បានតក់ស្លុតជាខ្លាំងនៅពេលបាត់ដំណឹងកូនស្រី ហើយបានព្យាយាមស្វែងរកកូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ស្រាប់តែថ្ងៃមួយអ្នកស្រី បានឃើញរូបកូនស្រីក្នុងវីដេអូរបស់លោក ខឹម វាសនា អង្គុយស្តាប់ការនិយាយរបស់លោក ខឹម វាសនា នៅក្នុងចម្ការ។

ក្រោយឃើញរូបភាពនៅក្នុងវីដេអូ អ្នកស្រី គង់ ចាន់ថូ បានកាន់រូបថតស្កាត់ទៅរកកូននៅក្នុងចម្ការរបស់លោក ខឹម វាសនា តែមិនទាន់បានជួបកូននៅឡើយនោះទេ។ អ្នកស្រី បានអង្គុយរង់ចាំកូននៅលើផ្លូវចូលទៅចម្ការរបស់លោក ខឹម វាសនា អស់រយៈពេលជាង ១០ថ្ងៃមកហើយ។

«កូនខ្ញុំបាត់មកពីរថ្ងៃទៀត ៧ខែហើយ។ តាមរកឡើងអស់ចិត្តអត់មានដំណឹងសោះ ទាល់តែឃើញក្នុងការឡាយនេះ [វីដេអូផ្សាយផ្ទាល់របស់លោក ខឹម វាសនា] បានដឹងថាកូនខ្ញុំនៅក្នុងចម្ការ។ គាត់អត់មានផ្តល់ដំណឹងឱ្យខ្ញុំទេ។ ខ្ញុំបានឃើញនេះ គឺឃើញក្នុងការឡាយទេ គាត់អត់មានតេ ឬឆាតអី ប្រាប់ម្តាយថានៅទីណា?»។ នេះជាការបញ្ជាក់របស់អ្នកស្រី គង់ ចាន់ថូ។

ស្ត្រីជាម្តាយឱបរូបថតកូនស្រីក្រោមកម្តៅថ្ងៃទន្ទឹងរូបចាំផ្លូវកូនដែលបង្កើត និងចិញ្ចឹមទម្រាំបានធំធាត់យ៉ាងលំបាករូបនេះ បានបង្ហាញការសង្ស័យថា មូលហេតុដែលនាំឱ្យកូនស្រីលង់ជឿការសាបព្រោះរបស់លោក ខឹម វាសនា រហូតទៅស្នាក់នៅចម្ការបោះបង់ការសិក្សានេះ បណ្តាលមកពីការអូសទាញរបស់គ្រូម្នាក់ឈ្មោះ អ៊ួ អុល ដែលធ្លាប់រៀនជាមួយ ហើយជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា។

បើតាមអ្នកស្រី ចាន់ថូ មិត្តភក្តិកូនរបស់អ្នកស្រីម្នាក់ទៀត ក៏ត្រូវបានអូសទាញឱ្យទៅនៅក្នុងចម្ការរបស់លោក ខឹម វាសនា ផងដែរ។

អ្នកស្រី ចាន់ថូ បានបង្ហាញអារម្មណ៍នឹករលឹកកូនស្រី និងដេកទន្ទឹងតែផ្លូវកូនស្រី។ អ្នកស្រី បានបង្ហាញអារម្មណ៍នឹកកូនស្រីយ៉ាងដូច្នេះ «អារម្មណ៍ម្តាយមួយថ្ងៃៗដេកទន្ទឹងរង់ចាំតែផ្លូវកូនឱ្យបានត្រឡប់ទៅផ្ទះវិញ។ មកនេះមិនមែនតិចតួច ដីជាង១០០គីឡូម៉ែត្រ ជិះមករាល់ថ្ងៃ»។

អ្នកស្រី ក៏បានបង្ហាញអារម្មណ៍សោកស្តាយដែលកូនត្រូវគេអូសទាញ ឱ្យបោះបង់ការសិក្សា។ អ្នកស្រី បង្ហាញអារម្មណ៍សោកស្តាយលាយឡំជាមួយទឹកចិត្តក្តុកក្តួលយ៉ាងដូច្នេះ «មានអារម្មណ៍ថាសោកស្តាយដែលកូនខ្ញុំជានិស្សិត ដែលត្រូវទៅរៀនហើយ គាត់អូសទាញឱ្យមកនៅកណ្តាលព្រៃកណ្តោចកណ្តែងអ៊ីចឹង។ ខ្ញុំមានការសោកស្តាយខ្លាំងបំផុត បាត់បង់អនាគតកូនដែលខំប្រឹង១២ឆ្នាំ រៀនបាននិទ្ទេសល្អហើយ បែរអូសទាញបំផុសបំផុល។ ខ្ញុំមានការសោកស្តាយចំពោះគាត់ណាស់»។

មិនមែនមានតែកូនស្រី របស់អ្នកស្រី គង់ ចាន់ថូ នោះទេ ដែលត្រូវបានអូសទាញទៅរស់នៅក្នុងចម្ការរបស់លោក ខឹម វាសនា មានយុវជន យុវតីខ្មែរមិនតិចនោះទេ ត្រូវបានអូសទាញបោះបង់គ្រួសារ បោះបង់ការសិក្សា និងបោះបង់ការងារជាដើម។ ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អនាគតរបស់យុវជន យុវតីខ្មែរ ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

អ្នកស្រី ចាន់ថូ បានអំពាវនាវរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ ជួយទប់ស្កាត់ការសាបព្រោះ និងការអូសទាញនេះ។ អ្នកស្រី ចាន់ថូ បានអំពាវនាវយ៉ាងដូច្នេះ «សូមរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ដូចរូបខ្ញុំជាម៉ែ និងម៉ែដទៃទៀត ដែលបែកបាក់គ្រួសារដោយសារការបំផុសបំផុល។ មានគ្រូ មានបក្ខពួកគាត់ជាអ្នកអូសទាញ។ មានតែម្រាមដៃ១០សូមឱ្យរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ឱ្យក្រុមគ្រួសារខ្ញុំ ក៏ដូចជាក្រុមគ្រួសារបងប្អូនជាច្រើន ដែលគេបានប្តឹងពីរឿងបាត់កូន បាត់ប្តី»។

អ្នកស្រី ថាន់ថូ ក៏សូមអំពាវនាវរាជរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យកូនស្រីរបស់អ្នកស្រី បានត្រឡប់ទៅផ្ទះ និងទៅបន្តការសិក្សាឡើងវិញ។

គួរជម្រាបដែរថា​ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី​ បានបញ្ជាក់កាលពីម្សិលមិញនេះថា មនុស្សប្រមាណ៥ពាន់នាក់​ បានចាកពីដីចម្ការនៅជើងភ្នំគូលែនរបស់លោក ខឹម វាសនា និងនៅសេសសល់ប្រមាណ១ម៉ឺននាក់ទៀត។ លោកបបន្តថា​ ប៉ុស្ដិ៍យាមខាងមុខដីចម្ការទាំង២កន្លែងរបស់លោក ខឹម វាសនា បានរុះរើអស់ហើយ ហើយពួកគេព្រមព្រៀមឱ្យពលរដ្ឋរំសាយការជួបជុំនៅត្រឹមថ្ងៃទី៥ ខែកញ្ញា។ បន្ថែមពីនោះ អាជ្ញាធរក៏បានចែកខិតបណ្ណផ្សព្វផ្សាយដល់ពលរដ្ឋក្នុងរោងទាំងនោះផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print