ខេត្តកណ្ដាល: នគរបាលស្រុកខ្សាច់កណ្ដាលបានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរអ៊ិស្លាមម្នាក់និងជនជាតិម៉ាឡេស៊ីម្នាក់ ករណីឆបោក នាំយកមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បៅចាត់ការតាមនីតិវិធី ។ ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កុយ ប៉ោសុង ហៅ ឡូត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន១-ឈ្មោះ សា ហ្វា
រីស ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរអ៊ិស្លាម មុខរបរបុគ្គលិកផ្នែកបកប្រែភាសា មានទីលំនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, ២-ឈ្មោះ NA BOON GUAN ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិ ម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ មានទីលំនៅ (មិនស្គាល់) កាន់លិខិតឆ្លងដែន លេខ A54654517 ។ វត្ថុតាងចាប់យកមាន ៖ ប្រាក់ដុល្លារចំនួន៩៥០ដុល្លារអាមេរិក، ម៉ូតូ០១គ្រឿងម៉ាក SUZUKI VIVA ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-6131, ទូរស័ព្ទ ០៤គ្រឿង ម៉ាក OPPO Reno 7 Z ពណ៌ ទឹកប្រាក់ចំនួន០១ ម៉ាក OPPO A3s ពណ៌ខៀវ ចំនួន០១ ម៉ាក iphone 12 ពណ៌ខ្មៅចំនួន ០១ ម៉ាក Nokia ពណ៌ ខៀវចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួ០១, កាតធនាគារចំនួន ០៣សន្លឹក គឺធនាគារ RHB Bank ចំនួន ០១, ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ចំនួន០១, ធនាគារ វីងចំនួន០១ និងកាតាបស្ពាយក្រោយចំនួន០២។
ប្រភពដដែលបន្តថា កាលថ្ងៃទី ២៩ខែសីហាឆ្នាំ២០២២ ម៉ោង ១៤:០០នាទី មានមនុស្សស្រីមិនស្គាល់ឈ្មោះបានទូរស័ព្ទមកសួរជនរងគ្រោះថា ត្រូវការខ្ចីប្រាក់ទេ? បើត្រូវការខ្ចីប្រាក់ឱ្យបុគ្គលិកចុះទៅធ្វើឯកសារដល់ផ្ទះ ដោយស្ត្រីនោះបានអះអាងថាខ្លួនខលមកពីក្រុមហ៊ុនដាយមិន ៥៥ បន្ទាប់មកក៏សួរអាសយដ្ឋានរបស់ជនរងគ្រោះ។
លុះមកដល់ថ្ងៃទី ៣០.០៨.២០២២ ម៉ោង ១០:០០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមកដល់ផ្ទះជនរងគ្រោះ និងបានចរចារឿងខ្ចីប្រាក់ជាមួយជនរងគ្រោះ ហើយជនសង្ស័យទាំងពីរនាក់បានប្រាប់ជនរងគ្រោះថា ក្រុមហ៊ុនបានអនុញ្ញាតឱ្យជនរងគ្រោះខ្ចីប្រាក់ចំនួន ២០,០០០$ តែថ្ងៃនេះក្រុមហ៊ុនឱ្យខ្ចីតែ ៣,០០០$សិន និងនិយាយបន្ថែមថា បើសិនជាក្នុងរយៈពេល៥ថ្ងៃ ជនរងគ្រោះវេរលុយសងក្រុមហ៊ុនអស់ ក្រុមហ៊ុននឹងទម្លាក់លុយឱ្យខ្ចីចំនួន២០,០០០$ ហើយ ១០,០០០$ យកការប្រាក់តែ៥០$ប៉ុណ្ណោះក្នុងមួយខែ។ បន្ទាប់មកក៏ធ្វើកិច្ចសន្យាខ្ចី ហើយជនរងគ្រោះបានផ្ដិតមេដៃ តែពេលធ្វើកិច្ចសន្យារួច ជនសង្ស័យបានឱ្យប្រាក់ទៅជនរងគ្រោះខ្ចីតែចំនួន ១,៥៥០$ទេ ហើយបង្គាប់ឱ្យជនរងគ្រោះបង់ប្រាក់ឱ្យក្រុមហ៊ុនរយ:ពេល៥ថ្ងៃឱ្យគ្រប់ចំនួន៣,០០០$ ។
លុះស្អែកឡើងថ្ងៃទី ៣១.០៨.២០២២ ម៉ោង១២:៣០នាទី ជនរងគ្រោះបានវេរលុយចំនួន ៦០០$ ទៅឱ្យជនសង្ស័យតាមកុងធនាគារ ABA លេខ 061 66 95 65 ។ នៅថ្ងៃទី ០១.០៩.២០២២ វេលាម៉ោង ៨:០០នាទី ដោយមិនមានការទុកចិត្ត ជនរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យ សួរនាំពីទីតាំងក្រុមហ៊ុននោះ តែជនសង្ស័យនិយាយភូតភរ ដោយម្ដងថាក្រុមហ៊ុននៅកោះពេជ្រ ម្ដងនៅកំពង់សោម ម្ដងនៅផ្ទះជួល ។ ក្រោយមកជនសង្ស័យបានបិទទូរស័ព្ទ រហូតដល់ម៉ោង១២:០០នាទី ជនសង្ស័យបានទូរស័ព្ទឱ្យជនរងគ្រោះវេរលុយឱ្យខ្លួនចំនួន ៦០០$ទៀត តែជនរថគ្រោះមិនព្រមវេរលុយឱ្យទេ ។ លុះដល់ម៉ោង១៦:០០នាទី ថ្ងៃដដែល ជនសង្ស័យទាំង០២នាក់បានជិះម៉ូតូមកផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះបានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ព្រះប្រសប់។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សា ហ្វារីស បានសារភាពថា ពួកខ្លួនពិតជាមានចេតនាឆបោកយកប្រាក់ពីជនរងគ្រោះប្រាកដមែន ហើយពួកខ្លួនមិនមានក្រុមហ៊ុនណានោះទេ ។ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីបន្តនីតិវិធី ៕
ដោយស្អាងជ័យ